ក្រុមអ្នកព្យាករណ៍បានព្រមានប្រជាជននៅខាងក្រៅលំនៅឋានឱ្យមានការប្រុងប្រយ័ត្ន ខណៈដែលតួលេខសីតុណ្ហភាពចំនួនបីខ្ទង់បានជំរុញឱ្យមានការណែនាំអំពីកំដៅនៅទូទាំងភាគខាងត្បូងនៃសហរដ្ឋអាមេរិក បង្កឲ្យមានព្យុះផ្គររន្ទះ ដែលបានកាត់ផ្តាច់ថាមពលអគ្គិសនីចាប់ប់ពីរដ្ឋអូក្លាហូម៉ា (Oklahoma) ទៅកាន់រដ្ឋមីស៊ីស៊ីពី (Mississippi) និងខ្យល់បានបក់បោកយ៉ាងខ្លាំងដែលបង្កើនការគំរាមកំហែងពីចំហេះព្រៃនៅរដ្ឋអារីហ្សូណា (Arizona) និងរដ្ឋញ៉ូវ ម៉ិកស៊ិកូ (New Mexico)។

ក្រុមអ្នកឧតុនិយមបាននិយាយថា សីតុណ្ហភាពដ៏គ្រោះថ្នាក់ដែលអាចបំបែកកំណត់ត្រានោះនឹងបន្តដល់ពាក់កណ្តាលសប្តាហ៍នៅភាគខាងត្បូងរដ្ឋតិចសាស ព្រមទាំងភាគច្រើននៃឆ្នេរឈូងសមុទ្រ។ ព្យុះដែលបង្កើតឱ្យមានខ្យល់កន្ត្រាក់ សំណុំព្រិលទឹកកកធ្លាក់ និងអាចជាខ្យល់កួចផងនោះ អាចវាយប្រហារជ្រលងភ្នំ មីស៊ីស៊ីពី កម្រិតទាប។
អភិបាលរដ្ឋ Louisiana លោក John Bel Edwards បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្នសម្រាប់ផ្នែកភាគខាងជើង និងកណ្តាលនៃរដ្ឋនេះ បន្ទាប់ពីមានខ្យល់បក់ខ្លាំង និងអាកាសធាតុធ្ងន់ធ្ងរបានបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីយ៉ាងទូលំទូលាយកាលពីថ្ងៃសៅរ៍។
ខ្យល់ត្រូវបានគេព្យាករណ៍ថានឹងមានល្បឿនចាប់ពី ៣០ ម៉ាយទៅ ៤០ ម៉ាយក្នុងមួយម៉ោង (៤៨ ទៅ ៦៤ គីឡូម៉ែត្រក្នុងមួយម៉ោង) កាលពីថ្ងៃអាទិត្យនៅភាគខាងកើតនៃទីក្រុង Flagstaff រដ្ឋអារីហ្សូណា តាមបណ្តោយច្រករបៀងអន្តររដ្ឋលេខ ៤០ និងមានល្បឿនរហូតដល់ ៥០ ម៉ាយក្នុងមួយម៉ោង (៨០ គីឡូម៉ែត្រក្នុងមួយម៉ោង) នៅថ្ងៃចន្ទនេះ ដោយបង្កើតឱ្យមានអាកាសធាតុក្ដៅហួតហែងដែលអាចបង្កជាអគ្គិសភ័យឆេះខ្លាំងទូទាំងតំបន់ជាច្រើននៅភាគឦសានរដ្ឋ ញ៉ូវ ម៉ិកស៊ិកូ៕
