ក្លិបបាល់ទាត់ Tottenham Hotspur បានសំរេចទិញផ្តាច់ Dejan Kulusevski ពី Juventus ហើយក្នុងតម្លៃ ២៥ លានផោន។
កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានចំណាយពេលលេងឱ្យក្លិបនៅទីក្រុងឡុងដ៍មួយនេះរយៈពេល ១៨ ខែមកហើយក្នុងកិច្ចសន្យាខ្ចី ១៨ ខែតាំងពីខែមករាឆ្នាំ ២០២២ ជាមួយនឹងលក្ខខណ្ឌទិញផ្តាច់ ២៩.២ លានផោន។
ការសំរេចទិញផ្តាច់នៅពេលនេះ កីឡាករជម្រើសជាតិស៊ុយអែតរូបនេះបានចុះហត្ថលេខារយៈពេល ៥ឆ្នាំជាមួយ Spurs ក្នុងតម្លៃកាត់បន្ថយមកត្រឹម ២៥ លានផោន។
ក្នុងរយៈពេលខ្ចី ១៨ខែកន្លងមក Kulusevski ស៊ុតបញ្ចូលទីបាន ៧ គ្រាប់ក្នុងការបង្ហាញខ្លួន ៥៧ប្រកួត និងធ្លាប់ជួយ Spurs ទទួលបានកៅអី UEFA Champions League ក្នុងរដូវកាលដំបូង។
Kulusevski បង្ហាញខ្លួនបាន ២៩ ប្រកួតឱ្យក្រុមជម្រើសជាតិស៊ុយអែតរកបាន ២ គ្រាប់ ហើយនៅខែធ្នូឆ្នាំ ២០២២ គេក៏បានក្លាយជាកីឡាករឆ្នើមបំផុតរបស់ស៊ុយអែតផងដែរ។
រំលឹកថា Dejan Kulusevski បានចាកចេញពីប្រទេសកំណើតរបស់ខ្លួនតាំងពីវ័យ ១៦ ឆ្នាំផ្លាស់មកលេងឱ្យ Atalanta មុនពេលផ្លាស់មកកាន់ Juventus នៅឆ្នាំ ២០២០ ក្នុងតម្លៃផ្ទេរ ៣០ លានផោន៕ អត្ថបទ៖នាង សុភាវុធ
