កាតា ៖ ក្រសួងការបរទេសរបស់ប្រទេសកាតាបាននិយាយថា ស្ថានទូតកាតា និងអារ៉ាប់រួមបានបើកដំណើរការឡើងវិញរៀងៗខ្លួននៅថ្ងៃចន្ទ (១៩ មិថុនា)នេះ ដើម្បីចាប់ផ្តើមការងារឡើងវិញ បន្ទាប់ពីរដ្ឋឈូងសមុទ្រទាំងពីរនេះបានយល់ព្រមស្តារទំនាក់ទំនងការទូតឡើងវិញ។
ការស្ដារឡើងវិញនូវទំនាក់ទំនងនេះធ្វើឡើងស្របពេលដែលមានការជំរុញក្នុងតំបន់កាន់តែទូលំទូលាយសម្រាប់ការផ្សះផ្សា និងមានរយៈពេលជាងពីរឆ្នាំបន្ទាប់ពីរដ្ឋអារ៉ាប់បានបញ្ចប់ការធ្វើពហិការរបស់រដ្ឋធានីដូហា ដែលបានបំផ្លាញប្លុកឈូងសមុទ្រអារ៉ាប់ដែលជាសម្ព័ន្ធមិត្តលោកខាងលិចនេះ។ សារព័ត៌មាន រ៉យទ័រ បានរាយការណ៍កាលពីខែមេសាថា រដ្ឋឈូងសមុទ្រទាំងពីរនេះកំពុងស្ថិតក្នុងដំណើរការស្តារទំនាក់ទំនងការទូតឡើងវិញ។
រដ្ឋធានី អាប៊ូដាប៊ី និងរដ្ឋធានី ដូហា ត្រូវបានជាប់គាំងអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងការប្រជែងគ្នាឥទ្ធិពលតំបន់ដ៏ជូរចត់ ជាតួនាទីរសាសនាឥស្លាមក្នុងនយោបាយ និងជុំវិញការគាំទ្រចំពោះចលនាមានទំនោរខាងលទ្ធិប្រជាធិបតេយ្យនៅទូទាំងមជ្ឈឹមបូព៌ា។
កាលពីឆ្នាំ ២០១៧ អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីបបានកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយកាតា ជុំវិញការចោទប្រកាន់ថា ប្រទេសនេះគាំទ្រអំពើភេរវកម្ម ដែលសំដៅលើនយោបាយសាសនាឥស្លាម ហើយថាកាតាបានបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់។ រដ្ឋធានី ដូហា បានបដិសេធការចោទប្រកាន់នេះ។
ការស្តារទំនាក់ទំនងឡើងវិញក៏បានធ្វើឡើង បន្ទាប់ពីអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតបានយល់ព្រមបង្កើតទំនាក់ទំនងឡើងវិញបន្ទាប់ពីមានអរិភាពជាច្រើនឆ្នាំ ដែលបានគំរាមកំហែងឲ្យមានអស្ថិរភាពនៅក្នុងឈូងសមុទ្រ និងបានធ្វើឱ្យមានសង្គ្រាមនៅយ៉េម៉ែនផងដែរ៕

