
រដ្ឋាភិបាលជាតិនិយមខាងសាសនារបស់អ៊ីស្រាអែល បានដាក់ចេញផែនការអនុម័តឲ្យអនុញ្ញាតការសាងសង់អគាររាប់ពាន់ខ្នងនៅក្នុងតំបន់កាន់កាប់វ៉េសប៊ែង បើទោះបីជារងសម្ពាធពីសហរដ្ឋអាមេរិកឲ្យបញ្ឈប់ការពង្រីកសំណង់និគមន៍ ដែលទីក្រុងវ៉ាស៊ីងតោន យល់ឃើញថា ជាឧបសគ្គដល់សន្តិភាពជាមួយប៉ាឡេស្ទីនក៏ដោយ។
ផែនការអនុម័តឲ្យសាងសង់អគាររស់នៅ ៤.៥៦០ខ្នងនៅតាមតំបន់ជាច្រើនក្នុងតំបន់វ៉េសប៊ែង ត្រូវបានដាក់បញ្ចូលផងដែរលើរបៀវារៈរបស់ឧត្តមក្រុមប្រឹក្សាផែនការអ៊ីស្រាអែល ដែលនឹងជួបជុំគ្នានៅសប្តាហ៍ក្រោយ បើទោះបីជាមានតែអគារ ១.៣៣២ខ្នងប៉ុណ្ណោះ ដាក់សម្រាប់ការអនុមតិចុងក្រោយក៏ដោយ ក្នុងនោះអគារដែលនៅសេសសល់ នឹងត្រូវឆ្លងកាត់ដំណើរការបោសសម្អាតបឋម ។
លោក Bezalel Smotrich គឺជារដ្ឋមន្រ្តីហិរញ្ញវត្ថុអ៊ីស្រាអែលដែលមានតំណែងជារដ្ឋមន្រ្តីក្រសួងការពារជាតិដែរនោះ និយាយថា ពួកយើងនឹងបន្តអភិវឌ្ឍន៍សំណង់និគមជន និងពង្រឹងការគ្រប់គ្រងដែនដីរបស់អ៊ីស្រាអែល ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសភាគច្រើននៅលើពិភពលោក បានចាត់ទុកសំណង់និគមជនដែលសាងសង់នៅលើទឹកដីដែលអ៊ីស្រាអែលណ្តើមបានក្នុងសង្រ្គាមមជ្ឈិមបូព៌ាកាលពីឆ្នាំ១៩៦៧នោះ ថាជារឿងខុសច្បាប់៕
