បាល់ទាត់៖ អតីតវីរបុរសបាល់ទាត់របស់ Barcelona, Andres Iniesta បានអបអរខួបកំណើតឈានចូលវ័យ ៣៧ឆ្នាំរបស់ខ្លួនដោយចុះហត្ថលេខាបន្តកិច្ចសន្យា ២ឆ្នាំទៀតជាមួយក្លិបជប៉ុន Vissel Kobe។ កិច្ចសន្យាថ្មីនេះនឹងរក្សាបុរសវ័យ ៣៧ឆ្នាំរូបនេះបន្តស្នាក់នៅទឹកដីជប៉ុនរហូតដល់ឆ្នាំ២០២៣ ឈានចូលវ័យ ៣៩ឆ្នាំ។

តាំងពីផ្ទេរពី Barcelona មកកាន់ Vissel Kobe នៅឆ្នាំ២០១៨ Andres Iniesta បង្ហាញខ្លួនឲ្យក្លិបនៅលីគកំពូលជប៉ុនមួយនេះបាន ៧៥លើករកបាន ១៦គ្រាប់។ វត្តមានរបស់ Iniesta ក៏បាននាំមុខ Vissel Kobe បង្ហាញខ្លួននៅក្របខណ្ឌកំពូលអាស៊ី AFC Champions League ផងដែរ។ រំលឹកថា Andres Iniesta ដែលធ្លាប់ឈ្នះជើងឯកពិភពលោកឆ្នាំ២០១០ ជាមួយក្រុមជំរើសជាតិអេស្ប៉ាញ, ឈ្នះជើងឯក La Liga ៩លើក, UEFA Champions League ៤លើក និង Copa del Rey ៦លើកក្នុងអាជីពជាមួយ FC Barcelona។
Andres Iniesta បានសំរេចចិត្តចូលនិវត្តន៍ពីក្រុមជំរើសជាតិអេស្ប៉ាញ បន្ទាប់ពីអេស្ប៉ាញធ្លាក់ត្រឹមវគ្គ ១៦ក្រុមចុងក្រោយក្រោមថ្មីជើងម្ចាស់ផ្ទះរុស្ស៊ីនៅ World Cup ២០១៨ បន្ទាប់ពីការបង្ហាញខ្លួនសរុប ១៣១លើកអោយក្រុមជំរើសជាតិ៕
អត្ថបទ៖នាង សុភាវុធ