
ប្រជាពលរដ្ឋរស់នៅក្នុងស្រុកភាគខាងលិច Kachchhប្រទេសឥណ្ឌា កំពុងស្តាឡើងវិញ និងជួសជុលផ្ទះសម្បែងរបស់ពួកគេ ក្រោយព្យុះស៊ីក្លូន Biparjoy បន្សល់ទុកការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំ។
ក្រុមឧតុនិយមនិយយាថា ព្យុះស៊ីក្លូនដែលទីបញ្ចប់បានថមថយកម្លាំងទៅវិញក្រោយបង្កភាពវឹកវរ និងការបំផ្លិចបំផ្លាញនៅតំបន់ភាគខាងលិចប្រទេសឥណ្ឌា និងតំបន់ភាគខាងត្បូងប្រទេសប៉ាគីស្ថាន បានបណ្តាលមនុស្សយ៉ាងហោច ៦នាក់ស្លាប់។
ព្យុះស៊ីក្លូន Biparjoy ដែលមានន័យថាគ្រោះមហន្តរាយជាភាសាបឹងហ្គាលី បានបោកបក់លើរដ្ឋ Gujarat ខាងលិចប្រទេសឥណ្ឌា ជាមួយនឹងល្បឿនខ្យល់បក់ ១២៥គ.ម ក្នុង ១ម៉ោង និងបានបណ្តាលឲ្យមានការខូចខាតទ្រង់ទ្រាយធំ ជាពិសេសធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ធ្វើឲ្យបង្គោលចរន្តអគ្គិសនីរាប់ពាន់ដើមដួលរាបដល់ដី និងធ្វើឲ្យដាច់ខ្សែអគ្គិសនីផងដែរ
កាលពីថ្ងៃអាទិត្យម្សិលមិញ តំបន់ជាច្រើន បន្តជន់លិចដដែល ដោយសារតែភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយសារព្យុះស៊ីក្លូននេះ។ យោងតាមសេចក្តីថ្លែងការណ៍ពីរដ្ឋាភិបាល បានឲ្យដឹងថា នៅតាមភូមិជាច្រើនកន្លែង ថាមពលអគ្គិសនី ត្រូវបានកាត់ផ្តាច់ ខណៈវិធានការប្រុងប្រយ័ត្នជាមុន ដើម្បីជៀសផុតពីកើតមានឧបទ្ទេវហេតុអំឡុងពេលព្យុះ ស្របពេលដែលផ្ទះប្រជាពលរដ្ឋជាង ៧០០ខ្នងនៅតាមស្រុកតំបន់ឆ្នេរចំនួន ៨ក្នុងរដ្ឋ Gujarat បានរងការខូចខាតទាំងស្រុង ឬខូចខាតដោយផ្នែក។
គួររំឭកថា កាលពីឆ្នាំ ១៩៩៨ ព្យុះស៊ីក្លូនដ៏ខ្លាំងនៅរដ្ឋ Gujarat បានសម្លាប់មនុស្សប្រហែល ៤ពាន់នាក់ ខណៈដែលកាលពីឆ្នាំ ២០២១ មនុស្សជិត ១០០នាក់ បានស្លាប់ដោយសារព្យុះស៊ីក្លូន Tauktae (តូកតេ) នៅរដ្ឋមួយនេះ៕
