កាណាដា ៖ ផ្សែងដ៏ខ្មួលខ្មាញ់ និងអណ្តាតភ្លើងដែលឆាបឆេះចេញពីចំហេះព្រៃ Cameron Bluffs កំពុងធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ និងព្រៃឈើនៃទីក្រុង ព័រតាល់ប៊ែរនី ដែលជាទីក្រុងដែលមានចម្ងាយត្រឹមតែ ២០ គីឡូម៉ែត្រពីចំហេះព្រៃ ប្រទេសកាណាដាប៉ុណ្ណោះ។
យោងតាមបុគ្គលិកក្នុងតំបន់បានឱ្យដឹងថា ផ្លូវហាយវេលេខ៤ ភាគខាងកើតនៃទីក្រុង ព័រតាល់ប៊ែរនី នឹងនៅតែបិទយ៉ាងហោចណាស់មួយសប្តាហ៍ទៀត។ អ្នកបើករថយន្តឈ្នួលម្នាក់ឈ្មោះ Mike បាននិយាយថា ការបិទផ្លូវហាយវេនេះ បានប៉ះពាល់យ៉ាងខ្លាំងដល់ឧស្សាហកម្មព្រៃឈើ និងទេសចរណ៍នៅក្នុងតំបន់ជុំវិញ ដែលបណ្តាលឱ្យមានអ្នកទេសចរណ៍តិចជាងមុន។
ទន្ទឹមនឹងនេះ ចំហេះព្រៃកំពុងបង្ខំឱ្យក្រុមហ៊ុនព្រៃឈើមួយចំនួនបញ្ឈប់ប្រតិបត្តិការនៅលើកោះ Vancouver ។ រហូតមកទល់ពេលនេះ យ៉ាងហោចណាស់ទំហំដីជាង ៤,៣ លានហិចតា ត្រូវបានដុតបំផ្លាញរួចហើយ ដែលស្មើនឹងប្រហែល ១៥ ដងនៃមធ្យមភាគប្រចាំឆ្នាំនៃទសវត្សរ៍កន្លងមក កម្មករក្នុងសហគមន៍ព្រៃឈើមួយចំនួនក៏ត្រូវបានជម្លៀសចេញដែរ។
ទោះបីជាចំហេះព្រៃនៅតំបន់ខ្លះត្រូវបានគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាព ឬអាចពន្លត់បានក៏ដោយ វានឹងនៅតែត្រូវការពេលវេលាដើម្បីបន្តដំណើរការធម្មតាឡើងវិញ។ ជាមួយនឹងព្រៃឈើចំនួន ៩ ភាគរយនៃពិភពលោក កាណាដាមានផ្ទៃដីព្រៃឈើធំជាងគេទី ៣ របស់ពិភពលោក និងជាអ្នកផលិតឈើទន់ធំបំផុតទីពីរ ដែលធ្វើឱ្យប្រទេសនេះក្លាយជាអ្នកផ្គត់ផ្គង់ដ៏សំខាន់នៃសម្ភារៈលំនៅឋានដ៏សំខាន់មួយ៕

