កីឡាករប្រណាំងរថយន្តហូឡង់ Max Verstappen បានប្រជែងឈ្នះការប្រណាំង Formula One នៅប្រទេសកាណាដា តាមស្មើកំណត់ត្រារបស់ Ayrton Senna ដែលឈ្នះសរុប ៤១ លើកក្នុងអាជីព។
ចេញដំណើរមុខគេ ក្រោយឈ្នះការប្រកួតយកទីចេញដំណើរ កីឡាកររបស់ក្រុម Red Bull រូបនេះនាំមុខជាប់រហូតដល់ទីព្រ័ត្រ ជាជ័យជំនះលើកទី ៦ ក្នុងចំណោម ៨ ទីលានរដូវកាលនេះ។
កីឡាកររបស់ក្រុម Aston Martin, Fernando Alonso បានឆក់យកតំណែងលេខ ២ របស់ Lewis Hamilton ខណៈកីឡាករអង់គ្លេសធ្លាក់មកលេខ ៣ តាមពីក្រោយដោយកីឡាកររបស់ Ferrari, Charles Leclerc ដែលចេញដំណើរលេខ ១១ ដល់ទីលេខ ៤។
ជ័យជំនះរបស់កីឡាករវ័យ ២៥ ឆ្នាំរូបនេះធ្វើឱ្យគេពន្លាតការនាំមុខក្នុងតារាងជើងឯកដល់ទៅ ៦៩ ពិន្ទុដាច់ពីអ្នកលេខ ២ មិត្តរួមក្រុម Red Ball, Sergio Perez ខណៈលេខ ៣ គឺ Fernando Alsonso។
សម្រាប់ Max Verstappen គិតមកដល់ពេលនេះគេបានប្រជែងឈ្នះសរុប ៤១ លើកហើយ ស្មើនឹងកំណត់ត្រារបស់កីឡាករប្រេស៊ីល Ayrton Senna។
យ៉ាងណាក្តី Max Verstappen នៅតាមពីក្រោយជាងពាក់កណ្តាលផ្លូវទៀតបើប្រៀបធៀបនឹងកីឡាករកំពូលៗផ្សេងទៀតរួមមាន Lewis Hamilton ឈ្នះសរុប ១០៣ លើក Michael Schumacher ៩១ លើក Sebastian Vettel ៥៣ លើក និងកីឡាករបារាំង Alain Prost ៥១ លើក៕ អត្ថបទ៖ នាង សុភាវុធ
