កំពង់ចាម ៖ ប្រជាកសិករ រស់នៅតាមដងទន្លេ នៃស្រុកកោះសូទិន ខេត្តកំពង់ចាម កំពុងមមាញឹក បង្កបង្កើនផល ដំណាំផ្សេងៗតាមទម្លាប់ ខណៈដែលទឹកទន្លេ ចាប់ផ្តើមស្រកទៅវិញ ដែលការដាំដុះដំណាំ ទាំងនោះ គឺធ្វើ តាមបែបធម្មជាតិ មិនប្រើប្រាស់សារធាតុគីមីនោះទេ។
ប្រជាកសិករ រស់នៅតាមដងទន្លេតូច ក្នុងឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម បន្ទាប់ពី ទឹកស្រក បាននឹងកំពុងមមាញឹកក្នុងការដាំដំណាំ ដូចជា ត្រសក់ ត្រឡាច ននោង ល្ពៅ ម្រះ ស្ពៃក្ងោក សណ្តែកកួរ មមាញ និងត្រប់វែង ជាដើម ដែលជាទម្លាប់ និងអាចលក់យកកម្រៃផ្គត់ផ្គង់ជីវភាពគ្រួសារ។
ប្រជាកសិករ បានឱ្យដឹងថា ទឹកទន្លេជារៀងរាល់ឆ្នាំ បានលិចដីចម្ការរបស់កសិករតំបន់នោះ ដែល នោះ គឺជាអំណោយផលល្អបំផុត ដោយសារទឹកបាននាំដីល្បាប់មកដាក់លើដីចម្ការ ផ្ដល់នូវជីជាតិសម្រាប់ ការដាំដំណាំឱ្យទទួលបានទិន្នផលខ្ពស់។
ប្រជាកសិករ បានឱ្យដឹងថា ដំណាំដែលពួកគេដាំ គឺងាយស្រួលក្នុងការលក់ ដោយសារមានអ្នកមក បញ្ជាទិញដល់ចម្ការតែម្ដង ព្រោះថា ដំណាំមិនប្រើសារធាតុគីមី ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកទទួល ទាននោះទេ។
មន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម បានឱ្យដឹងថា ដើម្បីទទួល បានទិន្នផលខ្ពស់ កសិករ គប្បីជ្រើសរើសពូជល្អ ធ្វើដីឱ្យបានត្រឹមត្រូវ ដោយត្រូវភ្ជួរដីពីរបីដង ហាលចោល កន្លះខែសិន ទើបរាស់ឱ្យស្អាត ហើយកាប់រណ្តៅដាំដោយដាក់ជីលាមកគោទ្រាប់បាត និងត្រូវថែទាំ ស្រោច ទឹក ជ្រុំគល់ ដកស្មៅ និងក្ដិចស្លឹកចាស់ៗចោលជាប្រចាំ នោះតែក្នុងរយៈពេលពី១ខែកន្លះ ទៅ២ខែ គឺអាច ប្រមូលផលបានហើយ៕



