ឥណ្ឌា ៖ ស្ត្រីរាប់ពាន់នាក់បានចេញតវ៉ាតាមដងផ្លូវក្នុងទីក្រុង Imphal ភាគឦសាននៃប្រទេសឥណ្ឌាកាលពីថ្ងៃសៅរ៍ (១៧ មិថុនា) ដើម្បីបង្កើតរនាំងមនុស្សក្នុងការតវ៉ា ខណៈដែលពួកគេទាមទារឱ្យបណ្តេញពួកសកម្មប្រយុទ្ធកុលសម្ព័ន្ធចេញពីរដ្ឋម៉ានីពួរ ដែលរងគ្រោះដោយអំពើហិង្សា។ ក្រុមអ្នកតវ៉ាដោយមានកាន់ពិល បានដើរដង្ហែតាមដងផ្លូវ និងលើកពាក្យស្លោក ខណៈបុគ្គលិកសន្តិសុខឈរយាមនៅក្បែរនោះ។
រដ្ឋម៉ានីពួរ បានជួបប្រទះអំពើហិង្សារីករាលដាលចាប់តាំងពីថ្ងៃទី ៣ ខែឧសភា បន្ទាប់ពីការតវ៉ារបស់សហគមន៍ជនជាតិដើមភាគតិចបង្កឡើងដោយការអាក់អន់ចិត្តចំពោះអត្ថប្រយោជន៍សេដ្ឋកិច្ច និងតួនាទីការងាររដ្ឋាភិបាល ព្រមទាំងការអប់រំដែលបម្រុងទុកសម្រាប់ជនជាតិ គូគី ជាក្រុមជនជាតិភាគតិចដែលភាគច្រើនរស់នៅលើភ្នំ។
សហគមន៍ជនជាតិភាគតិច ម៉ីតី ដែលជាសហគមន៍លេចធ្លោនៅតំបន់ទំនាបនៃរដ្ឋដែលមានប្រជាជនពាក់កណ្តាលនៃចំនួនប្រជាជនសរុបរបស់រដ្ឋនេះ ទាមទារឲ្យបន្ថែមអត្ថប្រយោជន៍នានានៃកូតាសកម្មភាពបញ្ជាក់មានកំណត់ដល់ពួកគេ។ ប៉ុន្តែជនជាតិ គូគី បារម្ភថាការធ្វើបែបនោះមានន័យថាជនជាតិ ម៉ីតី នឹងទទួលបានចំណែកកាន់តែច្រើននៅក្នុងវិស័យអប់រំ និងការងាររដ្ឋាភិបាលដែលបានបម្រុងទុកសម្រាប់ពួកគេ៕

