
មេដឹកនាំបក្សប្រឆាំងដែលជាប់ពន្ធនាគារលោក Alexei Navalny ត្រូវបានកំណត់ឱ្យបង្ហាញខ្លួននៅចំពោះមុខតុលាការរុស្ស៊ីនៅថ្ងៃចន្ទ (១៩ មិថុនា)នេះ ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ថ្មីនៃ "សកម្មភាពជ្រុលនិយម" ដែលអាចឲ្យលោកបន្តជាប់ពន្ធនាគាររាប់ទសវត្សរ៍។
សវនាការនេះគ្រោងនឹងធ្វើឡើងនៅដែនដីដាច់ឆ្ងាយកម្រិតទោសព្រហ្មទណ្ឌធ្ងន់ធ្ងរ IK-6 ក្នុងទីក្រុង Melekhovo ចម្ងាយប្រហែល ២៣៥ គីឡូម៉ែត្រ (១៤៥ ម៉ាយ) ភាគខាងកើតនៃទីក្រុងមូស្គូ ជាទីដែលលោក Navalny កំពុងត្រូវបានកាត់ទោសរួចហើយ សរុបពី ១១ឆ្នាំ ទៅ ១២ឆ្នាំ។ ក្រុមអ្នកសារព័ត៌មានមិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងបន្ទប់សវនាការទេ ប៉ុន្តែ អាចតាមដានដំណើរការបានតាមរយៈតំណភ្ជាប់វីដេអូមួយ។
ប្រទេសរុស្ស៊ីបានហាមឃាត់អង្គការយុទ្ធនាការរបស់លោក Navalny ដែលជាផ្នែកមួយនៃការបង្រ្កាបលើការប្រឆាំងដែលបានចាប់ផ្តើមយ៉ាងស្វិតស្វាញកាលពីមុនខែកុម្ភៈ ឆ្នាំ២០២២ នៅពេលដែលរុស្ស៊ីបានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលទៅក្នុងប្រទេសជិតខាងខ្លួនគឺអ៊ុយក្រែន ហើយបានបង្កើនភាពតានតឹងក្នុងរយៈពេលជិត ១៦ខែនៃជម្លោះកន្លងមកនេះ។
កាលពីឆ្នាំ ២០២០ លោក Navalny បានរួចរស់ជីវិតពីការប៉ុនប៉ងបំពុលលោកក្នុងអំឡុងពេលហោះហើរនៅស៊ីបេរី ដែលការធ្វើតេស្តមន្ទីរពិសោធន៍លោកខាងលិចបានកំណត់ថាជាថ្នាំពុលភ្នាក់ងារបំផ្លាញសរសៃប្រសាទ។ លោក Navalny បានចោទប្រកាន់រដ្ឋរុស្ស៊ីថាបានព្យាយាមសម្លាប់រូបលោក ប៉ុន្តែ រុស្ស៊ីបានបដិសេធការចោទប្រកាន់នោះ។
លោកត្រូវបានព្យាបាលការបំពុលនោះនៅប្រទេសអាឡឺម៉ង់ ប៉ុន្តែបានត្រឡប់ទៅប្រទេសរុស្ស៊ីវិញដោយស្ម័គ្រចិត្តកាលពីឆ្នាំ ២០២១ ជាទីដែលលោកត្រូវបានចាប់ខ្លួននៅពេលទៅដល់ និងបញ្ចូនចូលពន្ធនាគារ៕