ភ្នំពេញ៖ កម្ពុជានឹងមានមជ្ឈមណ្ឌលថ្មីមួយ សម្រាប់បណ្ដុះបណ្តាល និងពង្រឹងធនធានមនុស្សលើផ្នែកយានយន្តថាមពលអគ្គិសនី ដែលនេះជាការឆ្លើយតបទៅនិងតម្រូវការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ខណៈដែលកំណើននៃការប្រើប្រាស់យានយន្តអគ្គិសនី កំពុងមានការកើនឡើងពីមួយឆ្នាំទៅមួយ។
ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន លើកឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក (BYD Cambodia) នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នេះថា
តាមរយៈអនុស្សរណៈយោគយល់គ្នានេះ ក្រុមហ៊ុននឹងជួយកសាងមជ្ឈមណ្ឌលបណ្ដុះបណ្តាលយានយន្តប្រើប្រាស់ថាមពលអគ្គិសនី BYD-TS ព្រមទាំងផ្តល់សម្ភារៈ និងជំនួយបច្ចេកទេស សម្រាប់បម្រើដល់សកម្មភាពបណ្ដុះបណ្ដាលរបស់វិទ្យាស្ថានផងដែរ។ វត្តមាននៃមជ្ឈមណ្ឌលថ្មីមួយនេះ នឹងឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដែលកំណើននៃការប្រើប្រាស់យានយន្តអគ្គីសនី កំពុងមានការកើនឡើង។
ឯកឧត្តម បានបញ្ជាក់ឲ្យដឹងថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន BYD បានសិក្សាស្វែងយល់ពីគ្នា និងបានឈានដល់ការឯកភាព បង្កើតនូវអនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌអប់រំបណ្តុះបណ្តាល ស្រាវជ្រាវ និងការផ្តល់ជំនួយបច្ចេកទេស ដែលជាផ្នែកសំខាន់នៃការពង្រឹងធនធានមនុស្សនៃព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែរឹងមាំ៕ អត្ថបទ៖ សុន រ៉ាឌី