
នៅថ្ងៃចុងក្រោយ នៃការធ្វើដំណើរទស្សនកិច្ច ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងដ៏តានតឹងនោះ នៅថ្ងៃចន្ទ (ថ្ងៃទី១៩ ខែមិថុនា) នេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ត្រូវបានអ្នកការទូតជាន់ខ្ពស់របស់ទីក្រុងប៉េកាំងប្រាប់ថា ប្រទេសចិន និងសហរដ្ឋអាមេរិកត្រូវតែជ្រើសរើស រវាង «កិច្ចសហប្រតិបត្តិការ ឬជម្លោះ»។
យោងតាមមន្ត្រីក្រសួងការបរទេស បានឲ្យដឹងថា លោក Blinken និង Wang Yi ដែលជាមន្ត្រីនយោបាយការបរទេសជាន់ខ្ពស់របស់ប្រទេសចិន បាននិយាយរយៈពេល ៣ម៉ោង នៅថ្ងៃចន្ទនេះ នៅឯផ្ទះសំណាក់រដ្ឋដ៏ប្រណីតក្នុងសួនច្បារបុរាណ Diaoyutai។
ទាំងទីក្រុងវ៉ាស៊ីនតោន ទាំងទីក្រុងប៉េកាំង មិនបានអះអាងពីជំនួប រវាងលោក Blinken និងលោក Xi Jinping ដែលជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតរបស់ចិន ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដែលជំនួបរបស់លោកជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីខែវិច្ឆិកា នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី បានបង្កើននូវក្តីរំពឹងយ៉ាងប្រយែងប្រយ័ត្នថា មានការផ្សះផ្សាក្នុងទំនាក់ទំនង។
យោងតាមខ្លឹមសារពីរបាយការណ៍ ដែលផ្សាយដោយទូរទស្សន៍រដ្ឋចិន CCTV បានឲ្យដឹងថា លោក Wang បានប្រាប់លោក Blinken ថា៖ «ការធ្វើដំណើររបស់រដ្ឋមន្ត្រីការបរទេសមកកាន់ទីក្រុងប៉េកាំង នាពេលនេះ កើតឡើងនៅក្នុងកាលៈទេសៈដ៏សំខាន់ ក្នុងទំនាក់ទំនងចិន-អាមេរិក»។ លោកបានបន្តថា៖ «វាចាំបាច់ក្នុងការធ្វើការជ្រើសរើស រវាងការសន្ទនា និងការប្រឈមមុខដាក់គ្នា កិច្ចសហប្រតិបត្តិការ ឬក៏ជម្លោះ»។
លោក Wang បានបន្ថែមថា៖ «យើងត្រូវតែទាញឲ្យត្រឡប់មកវិញនូវធ្លាក់ចុះនៃទំនាក់ទំនងចិន-អាមេរិកនេះ ដោយជំរុញឲ្យមានការវិលទៅរកមាគ៌ាដ៏ល្អប្រសើរ និងស្ថិរភាពវិញ ហើយធ្វើការរួមគ្នា ដើម្បីស្វែងរកវិធីត្រឹមត្រូវ សម្រាប់ប្រទេសចិន និងសហរដ្ឋអាមេរិក»។
ភាពតានតឹងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចរបស់ពិភពលោកទាំងពីរ បានកើនឡើងកាន់តែខ្លាំង ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះពាក់ព័ន្ធនឹងបញ្ហាជាច្រើន ចាប់តាំងពីបញ្ហាពាណិជ្ជកម្ម បញ្ហាបច្ចេកវិទ្យា រហូតដល់បញ្ហាកោះតៃវា់ន់។
មន្ត្រីសហរដ្ឋអាមេរិក បានលើកឡើងថា ពួកគេមិនរំពឹងថា នឹងទទួលបានជំហានរីកចម្រើនបំបែកភាពទាល់ច្រកធំដុំនោះទេពីកិច្ចពិភាក្សារបស់លោក Blinken នេះ ប៉ុន្តែពួកគេសង្ឃឹមថា នឹងបើកបណ្តាញទំនាក់ទំនងធម្មតាឡើងវិញដើម្បីទប់ស្កាត់ហេតុការណ៍អាក្រក់ កុំឲ្យមានភាពតានតឹងកើតទៅជាជម្លោះ៕
