
ប្រទេសឥណ្ឌូនេស៊ី និងក្រុមហ៊ុនអវកាស SpaceX របស់លោក Elon Musk នៅថ្ងៃចន្ទ (ទី១៩ ខែមិថុនា) នេះ បានបាញ់បង្ហោះផ្កាយរណបទូរគមនាគមន៍ដ៏ធំបំផុតរបស់ប្រទេសនេះពីសហរដ្ឋអាមេរិក នៅក្នុងគម្រោងតម្លៃ ៥៤០លានដុល្លារ ដែលការបាញ់បង្ហោះនេះ មានបំណងភ្ជាប់តំបន់ដាច់ស្រយាលនានានៃប្រទេសប្រជុំកោះនេះទៅនឹងប្រព័ន្ធអ៊ិនធឺណិត។
ប្រហែល ២ភាគ៣ នៃចំនួនប្រជាជន ២៨០លាននាក់របស់ប្រទេសឥណ្ឌូនេស៊ី មានអ៊ិនធឺណិតប្រើប្រាស់រួចហើយ ប៉ុន្តែសមត្ថភាពតភ្ជាប់មានកម្រិត នៅតំបន់កោះដាច់ស្រយាលភាគខាងកើត ដែលមិនទាន់មានការអភិវឌ្ឍរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
លោក Mahfud MD ទេសរដ្ឋមន្ត្រីឥណ្ឌូនេស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «បច្ចេកវិទ្យាផ្កាយរណប នឹងពន្លឿនដល់ការផ្ដល់ការប្រើប្រាស់អ៊ិនធឺណិតទៅកាន់ភូមិនានា នៅក្នុងតំបន់ ដែលមិនអាចទៅដល់បានដោយខ្សែកាបអុបទិក ក្នុងរយៈពេល ១០ឆ្នាំខាងមុខ»។
ផ្កាយរណបទម្ងន់ ៤,៥តោនរបស់សាធារណរដ្ឋឥណ្ឌូនេស៊ី (SATRIA-1) ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអវកាស Thales Alenia ហើយត្រូវបានបាញ់បង្ហោះទៅក្នុងគន្លងតារាវិថីពីរដ្ឋផ្លរីដា ដោយយានចម្លង Falcon 9 របស់ក្រុមហ៊ុន SpaceX ដែលបន្ទាប់មកបានត្រឡប់មកកាន់ទីតាំងក្នុងសមុទ្រ សម្រាប់ការចុះចតយ៉ាងច្បាស់លាស់មួយ៕
