
ដោយមានការជំរុញពីការស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស នៃសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ១៩ ទីក្រុងឌុយបៃកំពុងប្រជែងដើម្បីទាក់ទាញមនុស្ស និងដើមទុនវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែងដោយជឿថា ខ្លួនអាចជៀសវាងវិបត្តិបំណុលកាលពីអតីតកាលដែលរារាំងមហិច្ឆតាពិភពលោករបស់ខ្លួន។
វិធីសាស្ត្រដែលបន្តដោយរដ្ឋ-ទីក្រុងឈូងសមុទ្រដ៏ភ្លឺស្វាងមួយនេះ គឺជាការចាប់ផ្តើមឡើងវិញ នៃគំរូសេដ្ឋកិច្ចដ៏អស្ចារ្យដែលអស់រយៈពេលជាច្រើនទសវត្សរ៍ផ្តោតលើការវិនិយោគអចលនទ្រព្យ ទេសចរណ៍ និងលំហូរចូលនៃមូលធនបរទេស។
ទីក្រុងឌុយបៃដែលជាទីតាំងអគារខ្ពស់បំផុតរបស់ពិភពលោក និងប្រជុំកោះសិប្បនិមិត្តនេះ កំពុងស្វែងរកគោលដៅថ្មីដ៏ខ្ពង់ខ្ពស់គឺ ផែនការសេដ្ឋកិច្ចរយៈពេល ១០ឆ្នាំ ដែលគេស្គាល់ថា D33 មានគោលបំណងបង្កើនទំហំសេដ្ឋកិច្ចទ្វេដង និងធ្វើឱ្យទីក្រុងឌុយបៃក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុកំពូលទាំងបួនក្នុងពិភពលោកក្នុងរយៈពេលមួយទសវត្សរ៍។
កាលពីឆ្នាំ២០០៨ វិបត្តិហិរញ្ញវត្ថុពិភពលោកបានវាយប្រហារទីក្រុងឌុយបៃយ៉ាងធ្ងន់ធ្ងរ ដែលនាំទៅដល់ការហូរចេញនៃដើមទុនវិនិយោគ និងមនុស្ស ការធ្លាក់តម្លៃអចលនទ្រព្យ ព្រមទាំងបណ្ដាក្រុមហ៊ុនដែលមានអានុភាពខ្ពស់ ដែលគេស្គាល់ថាជាអង្គភាពទាក់ទងនឹងរដ្ឋាភិបាល (GREs) ដែលតស៊ូដើម្បីសងបំណុលរបស់ទីក្រុងមួយនេះ។
ទីក្រុងឌុយបៃដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់អារ៉ាប់រួមមួយនេះ បានរុញធនធានទៅក្នុងកំណែទម្រង់សង្គម និងអាជីវកម្ម ព្រមទាំងវិស័យផ្សេងៗដូចជាបច្ចេកវិទ្យាឌីជីថលជាដើម។ ប្រាក់ចំណូលពីប្រេងមានចំនួនតិចជាង ២% នៃផលិតផលក្នុងស្រុកសរុប មិនដូចរាជធានី អាប៊ូដាប៊ី ដែលមានសេដ្ឋកិច្ចខ្ពស់នោះទេ៕