
គណៈកម្មការអឺរ៉ុបនឹងបង្ហាញ នៅថ្ងៃអង្គារ (ថ្ងៃទី១៩ ខែមិថុនា) នូវវិធានការដែលអាចមាន ដូចជាការពិនិត្យលើការវិនិយោគក្រៅប្រទេស និងការគ្រប់គ្រងលើការនាំចេញ ដើម្បីលាក់បច្ចេកវិទ្យាដ៏មានតម្លៃ របស់សហភាពអឺរ៉ុប ឬ EU ពីប្រទេសនានា ដូចជាប្រទេសចិនជាដើម និងការពារកុំឲ្យវាធ្លាក់ទៅក្នុងការប្រើប្រាស់របស់យោធាដោយប្រទេសគូប្រជែង។
គណៈកម្មការប្រតិបត្តិសហភាពអឺរ៉ុប ឬ EU នឹងបង្ហាញយុទ្ធសាស្ត្រសន្តិសុខសេដ្ឋកិច្ចរបស់ខ្លួន ជា «ការប្រាស្រ័យទាក់ទង» ដល់សមាជិកសភា និងបណ្តាប្រទេសរបស់សហភាពអឺរ៉ុប ដែលមេដឹកនាំរបស់ខ្លួន គ្រោងនឹងពិភាក្សាអំពីទំនាក់ទំនងជាមួយប្រទេសចិន នៅទីក្រុងប្រ៊ុចសែល នាសប្តាហ៍ក្រោយ។
ទោះបីជាមិនមែនជាសំណើបង្កើតច្បាប់ផ្លូវការក៏ដោយ ក៏ការប្រាស្រ័យទាក់ទងនេះ នឹងដាក់ចេញនូវយុទ្ធសាស្រ្ត ដែលបណ្តាប្រទេសសហភាពអឺរ៉ុបទាំង២៧ គួរតែពិចារណា ខណៈដែលខ្លួនកំពុងស្វែងរកការបន្ថយហានិភ័យពីប្រទេសចិន និងជៀសវាងការលេចធ្លាយបច្ចេកវិទ្យារដ៏សំខាន់បំផុតតាមរយៈការនាំចេញ ឬការវិនិយោគក្រៅប្រទេស។
គណៈកម្មាការនឹងត្រូវធ្វើដោយប្រយ័ត្នប្រយែង ពីព្រោះការផ្តល់អាជ្ញាប័ណ្ណនាំចេញ និងថ្លឹងថ្លែងនូវផលប្រយោជន៍សន្តិសុខ គឺជាសមត្ថកិច្ចជាតិ ដែលរដ្ឋាភិបាលសហភាពអឺរ៉ុបចង់រក្សាឲ្យបាន៕