ចិន៖ ប្រទេសចិន និងសហរដ្ឋអាមេរិក បានព្រមព្រៀងកាលពីថ្ងៃចន្ទដើម្បីរក្សាស្ថិរភាពនៃប្រទេសគូប្រជែងដ៏ខ្លាំងក្លាទាំង២ ដើម្បីបញ្ចៀសពីជម្លោះ ប៉ុន្តែបានបរាជ័យក្នុងការសម្រេចបានជំហានរីកចម្រើនសំខាន់ណាមួយអំឡុងដំណើរទស្សនកិច្ចដ៏កម្រទៅកាន់ទីក្រុងប៉េកាំងពីសំណាក់ប្រមុខការទូតអាមេរិក លោក Antony Blinken។

លោកប្រធានាធិបតីចិន Xi Jinping បានស្វាគមន៍ការរីកចម្រើន បន្ទាប់ពីការចាប់ដៃជាមួយលោក Blinken នៅមហាសាលប្រជាជន ជាបន្ទប់ប្រជុំដ៏ធំ ដែលប្រើសម្រាប់ការស្វាគមន៍ប្រមុខរដ្ឋទាំងឡាយ។
ប្រមុខការទូតអាមេរិក និងលោក Xi បានបញ្ជាក់ពីសារៈសំខាន់នៃការរក្សាទំនាក់ទំនងប្រកបដោយស្ថិរភាពបន្ថែមទៀត ស្របពេលដែលជម្លោះជាយថាហេតុណាមួយរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង២របស់ពិភពលោក នឹងបង្កើតឲ្យមានការរំខានជាលក្ខខណៈសកល។

ប្រទេសចិនបានបដិសេធមិនទទួលយកបំណងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបន្តបណ្តាញទំនាក់ទំនងយោធា និងយោធា ដោយលើកឡើងពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកថាជាឧបសគ្គ។ ភាគីទាំងពីរបានបង្ហាញជំហរខ្លួនលើបញ្ហាគ្រប់យ៉ាង ចាប់ពីកោះតៃវ៉ាន់រហូតដល់ពាណិជ្ជកម្ម រួមទាំងសកម្មភាពរបស់សហរដ្ឋអាមេរិកចំពោះឧស្សាហកម្មបន្ទះឈីបរបស់ចិន សិទ្ធិមនុស្ស និងសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។
ក្រោយមកកាលពីថ្ងៃចន្ទ ដដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បាននិយាយ ថា លោកគិតថាទំនាក់ទំនងរវាងប្រទេសទាំងពីរគឺស្ថិតនៅលើផ្លូវត្រូវ ហើយបានបង្ហាញថាការរីកចម្រើននោះ ត្រូវបានធ្វើឡើងក្នុងអំឡុងដំណើររបស់លោក Blinken ៕