អ៊ុយក្រែន៖ អ៊ុយក្រែន បាននិយាយកាលពីថ្ងៃចន្ទទី១៩មិថុនា ខ្លួនបានបណ្ដេញកងកម្លាំងរុស្ស៊ី ចេញពីភូមិទី៨ ក្នុងការវាយបកមានរយៈពេល២សប្ដាហ៍ ហើយមន្ត្រីការពារជាតិមួយរូប បានប្ដេជ្ញាវាយសម្រុករុលទៅមុខទ្រង់ទ្រាយធំបំផុត របស់ទីក្រុង Kyiv ទោះបីជាមានការវាយតបដ៏ខ្លាំងក្លាពីទាហានរបស់ទីក្រុង Moscow ក៏ដោយ។

អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោកស្រី ហាណា ម៉ាលីយ៉ា (Hanna Maliar) បាននិយាយថា កងកម្លាំងអ៊ុយក្រែន បានដណ្ដើមយកបានមកវិញនូវភូមិ ភាទីខាគី (Piatykhatky) នៅតំបន់មួយដែលមានការវាយប្រយុទ្ធគ្នាខ្លាំងនៃសមរភូមិមុខ ជិតផ្លូវដែលនៅកៀកបំផុតទៅកាន់ឆ្នេរសមុទ្រអាសូវ(Azov)របស់ប្រទេសនេះ។
នេះគឺជាផ្នែកមួយនៃការវាយរុលទៅមុខដោយទីក្រុង Kyiv ចម្ងាយ៧គីឡូម៉ែត្រ ចូលទៅក្នុងសមរភូមិដែលរុស្ស៊ីគ្រប់គ្រងក្នុងរយៈពេល២សប្ដាហ៍ ដោយដណ្ដើមបានមកវិញនូវផ្ទៃដីទំហំ១៣៣គីឡូម៉ែត្រក្រឡា។
លោកស្រី Maliar បាននិយាយនៅលើបណ្ដាញតេឡេក្រាមថា សត្រូវ នឹងមិនបោះបង់ចោលមូលដ្ឋានរបស់ពួកគេដោយងាយៗនោះទេ យើងត្រូវតែត្រៀមខ្លួនសម្រាប់សមរភូមិដ៏លំបាកមួយ។ យោធាកំពុងរុលទៅមុខ ព្រោះពួកគេគួរតែសម្រុករុលទៅមុខ ។ ហើយការវាយសម្រុកទៅមុខដ៏ធំបំផុត មិនទាន់បានធ្វើនៅឡើយទេ។

លោកស្រី បានបញ្ជក់ថា ការវាយប្រយុទ្ធគ្នាដ៏ខ្លាំងក្លា មាននៅក្នុងភាគខាងកើត និងខាងត្បូងក្នុងប្រទេសអ៊ុយក្រែន ដោយឡែក លោកស្រី បាននិយាយថា យោធាអ៊ុយក្រែនកំពុងទប់ស្កាត់ការវាយរុលទៅមុខរបស់កងទ័ពរុស្ស៊ី នៅក្នុងភាគខាងកើត ជាទីដែលបានផ្ដោតលើអង្គភាពរបស់ខ្លួន រួមទាំងទាហានវាយប្រហារតាមអាកាសផងដែរ៕