UN៖ ប្រេសិតអង្គការសហប្រជាជាតិ ឬUN ប្រចាំប្រទេសលីប៊ី លោក Abdoulaye Bathily បាននិយាយកាលពីថ្ងៃចន្ទ (ទី១៩ ខែមិថុនា) ថា សំណើច្បាប់បោះឆ្នោត មិនបានដោះស្រាយបញ្ហាខ្វែងគំនិតគ្នា និងមិនមានលក្ខណៈគ្រប់គ្រាន់ ដើម្បីផ្តល់លទ្ធភាពឲ្យមានការបោះឆ្នោតបាននោះទេ។

កិច្ចការការទូតរយៈពេលជាច្រើនឆ្នាំមកនេះ បានផ្តោតលើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី និងសភា ដើម្បីជាគន្លឹះ ក្នុងការដោះស្រាយជម្លោះរ៉ាំរ៉ៃជាច្រើនឆ្នាំ ប៉ុន្តែស្ថាប័ននយោបាយគូប្រជែងរបស់ប្រទេសលីប៊ី ម្តងហើយម្តងទៀត បានបរាជ័យក្នុងការឯកភាពលើច្បាប់នានា។
ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក Bathily បាននិយាយថា សំណើច្បាប់បោះឆ្នោត ដែលបានព្រមព្រៀងគ្នាក្នុងខែនេះ ដោយគណៈកម្មាធិការ ដែលត្រូវបានយកចេញពីស្ថាប័ននីតិប្បញ្ញត្តិពីររបស់ប្រទេសលីប៊ី គឺជា«ជំហានដ៏សំខាន់មួយឆ្ពោះទៅមុខ»។
ប៉ុន្តែលោកបានបន្ថែមថា សំណើច្បាប់នេះ មិនទាន់មានលក្ខណៈគ្រប់គ្រាន់នោះទេ ក្នុងការដោះស្រាយបញ្ហាដែលមានការខ្វែងគំនិតគ្នាខ្លាំងបំផុត និងធ្វើឲ្យការបោះឆ្នោតទទួលបានជោគជ័យ ដោយចង្អុលបង្ហាញពីការបន្តខ្វែងគំនិតគ្នា ក្នុងចំណោមបក្សប្រឆាំងរបស់ប្រទេសលីប៊ី ដែលលោកបាននិយាយថា អាចបង្កឲ្យមានវិបត្តិថ្មី។ លោកបានសង្កត់ធ្ងន់ថា បញ្ហានៃច្បាប់ដែលបានស្នើឡើងនេះ រួមមានវិវាទជុំវិញសិទ្ធិបេក្ខជនប្រធានាធិបតី និងលក្ខខណ្ឌតម្រូវ ក្នុងការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នថ្មី មុនពេលបោះឆ្នោតណាមួយ។

ការអត្ថាធិប្បាយរបស់លោក Bathily បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រធានសភាដែលមានមូលដ្ឋាននៅភាគខាងកើត លោក Aguila Saleh បាននិយាយថា ច្បាប់ដែលបានស្នើឡើងភាគច្រើន គឺល្អ ហើយនាំយើងទៅរកការបោះឆ្នោត ដោយបន្ថែមថា ប្រេសិតអង្គការសហប្រជាជាតិ «នឹងមិនធ្វើជាអ្នកគ្រប់គ្រង ក្នុងការចេញសេចក្តីណែនាំនោះទេ»។
សូមបញ្ជាក់ថា ប្រទេសលីប៊ីស្ទើរតែគ្មានស្ថិរភាព ឬសន្តិសុខនោះឡើយ ចាប់តាំងពីមានការបះបោរ ដែលគាំទ្រដោយសម្ព័ន្ធភាពយោធាណាតូ (NATO) ក្នុងឆ្នាំ២០១១ ហើយប្រទេសនេះ បានបែកបាក់ នៅក្នុងឆ្នាំ២០១៤ រវាងក្រុមភាគខាងកើត និងខាងលិចដែលកំពុងមានសង្រ្គាមជាមួយគ្នា ប៉ុន្តែមានការប្រយុទ្ធគ្នាក្នុងទ្រង់ទ្រាយធំតិចតួចប៉ុណ្ណោះ គិតចាប់តាំងពីមានបទឈប់បាញ់ ក្នុងឆ្នាំ២០២០៕