
ភ្នំពេញ ៖ប្រជាជនខ្មែរ ជាពិសេសយុវជនជំនាន់ក្រោយចងចាំមិនភ្លេចឡើយអំពីវិរភាព ការលះបង់សាច់ស្រស់ឈាមស្រស់របស់សម្ដេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដែលបានយកជីវិតទៅប្ដូរ ដើម្បីស្វែងរកផ្លូវរំដោះប្រជាជនចេញពីរបបខ្មែរក្រហមកាលពីថ្ងៃទី ២០ មិថុនា ១៩៧៧ នាឱកាសជាខួប ៤៦ ឆ្នាំក្នុងថ្ងៃនេះ។
យុវជនសិស្ស-និស្សិតនៅក្នុងប្រទេសកម្ពុជាចងចាំមិនភ្លេចឡើយនូវវិរភាពរបស់សម្ដេចតេជោ ហ៊ុន សែន និងបានចាត់ទុកសម្ដេចជាឪពុក ជាវិរបុរស និងជាអ្នកប្រាជ្ញមួយរូបរបស់កម្ពុជាដែលបានដឹកនាំប្រទេសដ៏កម្សត់មួយនេះចេញភ្លើងសង្គ្រាម ចេញពីប្រទេសដែលរងគ្រោះខ្ទេចខ្ទីប្រែក្លាយទៅជាប្រទេសមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនបំផុត។
លោក គោរម ដាឡា និស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទ នីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ចលើកឡើងថា យុវជនជំនាន់ក្រោយចង់ចាំមិនភ្លេចឡើយនូវដានប្រវត្តិសាស្រ្ដរបស់ប្រទេសកម្ពុជាអំពីការវិរភាពការតស៊ូលះបង់របស់សម្ដេចតេជោ ហ៊ុន សែន និងសមមិត្ត ដែលមិនគិតពីអាយុជីវិតចាកចោលគ្រួសារទៅស្វែងរកសន្ដិភាពសម្រាប់ប្រទេស និងប្រជាជនកម្ពុជាដែលកំពុងរងគ្រោះ។
យុវតី ថា ម៉ីម៉ី និស្សិតសិក្សាជំនាញនីតិសាស្រ្ដនៅសាកលវិទ្យាល័យភូមិន្ទ នីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ចលើកឡើងថា យុវជនជំនាន់ក្រោយចងចាំមិនភ្លេចឡើងនូវព្រឹត្តិការណ៍ ថ្ងៃ ២០ មិថុនា ឆ្នាំ១៩៧៧ ពីព្រោះថ្ងៃនេះជាថ្ងៃប្រវត្តិសាស្រ្ដរបស់ប្រទេសកម្ពុជាដែលសម្ដេចតេជោ ហ៊ុន សែន និងសមមិត្តបានស្វះស្វែងរកផ្លូវរំដោះពលរដ្ឋកម្ពុជាឱ្យចាកចេញពីរបបខ្មៅងងឹតខ្មែរក្រហមដែលជាគុកឥតជញ្ជាំង។
ប្រទេសកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងគោលនយោបាយច្បាស់លាស់របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឱ្យកម្ពុជាទទួលសន្តិភាពពេញលេញ និងមានឯកភាពជាតិទាំងស្រុងតាំងពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ១៩៩៨ មក ក្រោមនយោបាយឈ្នឈ្នះរបស់សម្តេចតេជោ។ ប្រទេសកម្ពុជាប្រៀបដូចជាកោះដ៏កម្សត់មួយដែលបានឆ្លងកាត់សង្គ្រាម និងការឈ្លានពានពីបរទេសយ៉ាងឆ្អែតឆ្អន់នៅក្នុងប្រវត្តិសាស្រ្ដកន្លងមក។ ដូច្នេះហើយសម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋាភិបាលកម្ពុជាបានប្រកាសយ៉ាងដាច់ណាត់ថា «ទោះក្នុងតម្លៃណាក៏ដោយត្រូវរក្សាសន្តិភាពរបស់ប្រទេសកម្ពុជាឱ្យបាន»៕ អត្ថបទ៖ វ៉ន ដារ៉ា