ក្រុមមន្ត្រីយោធា និងសុខាភិបាលបាននិយាយថា កងកាម៉ង់ដូរបស់អ៊ីស្រាអែល ក្រោមជំនួយពីឧទ្ទម្ភាគចក្រប្រយុទ្ធ បានសម្លាប់ជនជាតិប៉ាឡេស្ទីន៥នាក់ រួមទាំងយុវជនម្នាក់ និងមនុស្ស៦៦នាក់ផ្សេងទៀតបានរងរបួស ខណៈមានការវាយឆ្មក់នៅក្នុងតំបន់ West Bank ដែលបានបណ្ដាលឲ្យមានការបាញ់តបតរយៈពេលជាច្រើនម៉ោងជាមួយក្រុមអ្នកប្រយុទ្ធប្រដាប់អាវុធ។

យោធាបាននិយាយថា កងកម្លាំងអ៊ីស្រាអែល៧នាក់បានរងរបួស បន្ទាប់ពីទាហានរងការបាញ់ប្រហារ អំឡុងប្រតិបត្តិការនៅក្នុងទីប្រជុំជនដ៏សំខាន់ ជេនីស(Jenin) ដើម្បីចាប់ខ្លួនជនសង្ស័យប៉ាឡេស្ទីនក្នុងការវាយប្រហារនានា។ ជនជាតិប៉ាឡេស្ទីន២នាក់បានស្លាប់ ក្នុងការបាញ់ប្រយុទ្ធគ្នារបស់ក្រុមប្រដាប់អាវុធអ៊ីស្លាមជីហាត ។
ខណៈការចរចាសន្តិភាពក្រោមការជួយជ្រោមជ្រែងពីសហរដ្ឋអាមេរិក បានជាប់គាំង ជិតមួយទសវត្សរ៍ ទីប្រជុំជនជេនីន និងតំបន់ផ្សេងទៀតនៅក្នុងតំបន់ West Bank ភាគខាងជើង បានផ្ដោតលើការបោសសម្អាតជាច្រើនខែពីសំណាក់ប្រទេសអ៊ីស្រាអែល ស្របពេលមានការវាយប្រហារតាមផ្លូវជាច្រើនពីក្រុមជនជាតិប៉ាឡេស្ទីននៅក្នុងទីក្រុងមួយចំនួន ។

ខណៈដែលទាហានប្រឈមការបាញ់ស្រោចដោយអាវុធ និងគ្រឿងផ្ទុះយ៉ាងខ្លាំងក្លាពីក្រុមខ្មាន់កាំភ្លើង ក្នុងទីប្រជុំជននេះ កងទ័ពអ៊ីស្រាអែល បានបង្កើនបេសកកម្មយ៉ាងគំហុកដើម្បីយករថយន្តចេញដែលខ្លួនបានដាក់ដើម្បីរារាំងក្នុងការវាប្រហារ៕