យោងតាមក្រុមហ៊ុនឯកជន ដែលបានបញ្ជូននាវាមុជទឹក ដើម្បីធ្វើដំណើររុករកបំបែករបស់នាវាទីតានិក (Titanic) បានឲ្យដឹងថា នាវាបេសកកម្មនេះ បានបាត់ការទាក់ទងនៅឯឆ្នេរសមុទ្រភាគអាគ្នេយ៍នៃប្រទេសកាណាដា។
ក្រុមហ៊ុន OceanGate Expeditions បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ កាលពីថ្ងៃចន្ទ (ទី១៩ ខែមិថុនា) ថា ខ្លួនកំពុង«ប្រមូលនូវជម្រើសទាំងអស់» ដើម្បីរកវិធីជួយសង្គ្រោះអ្នកនៅក្នុងនាវាមុជទឹកនោះ។ គេមិនទាន់ដឹងភ្លាមៗទេថា មានមនុស្សប៉ុន្មាននាក់បាត់ខ្លួននោះ។

ឆ្មាំល្បាតឆ្នេរសមុទ្រសហរដ្ឋអាមេរិក មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ សេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយនានា បានឲ្យដឹងថា ឆ្មាំល្បាតឆ្នេរ បានចាប់ផ្តើមប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះហើយ។
គួរបញ្ជាក់ដែរថា យោងតាមគេហទំព័ររបស់ក្រុមហ៊ុន បានឲ្យដឹងថា បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងដំណើរការបេសកកម្មទី៥ របស់ខ្លួន នៅឆ្នាំ២០២៣ ដែលគ្រោងនឹងចាប់ផ្តើមកាលពីសប្តាហ៍មុន ហើយបញ្ចប់នៅថ្ងៃព្រហស្បតិ៍ (ទី២២ ខែមិថុនា)។

យោងតាមគេហទំព័ររបស់ OceanGate បានឲ្យដឹងថា បេសកកម្មទេសចរណ៍ដែលមានតម្លៃ ២៥០.០០០ដុល្លារ ក្នុងមនុស្សម្នាក់ ចាប់ផ្តើមនៅទីក្រុង St. John's នៃខេត្ត Newfoundland របស់ប្រទេសកាណាដា មុនពេលចេញដំណើរប្រហែល ៤០០ម៉ាយល៍ (ជិត៦៤៤គីឡូម៉ែត្រ) ចូលទៅក្នុងមហាសមុទ្រអាត្លង់ទិក ឆ្ពោះទៅកាន់កន្លែងបំណែករបស់នាវា ដែលបានលិចក្នុងឆ្នាំ១៩១២៕