នូវ៉ែលហ្សេឡង់៖ នគរបាល និងសាក្សីបាននិយាយថា បុរសម្នាក់ប្រដាប់ដោយពូថៅបានវាយប្រហារអ្នកទទួលទានអាហារ នៅភោជនីយដ្ឋានចិនដែលនៅជិតគ្នាចំនួនបីក្នុងប្រទេសនូវ៉ែលហ្សេឡង់បណ្តាលឲ្យមនុស្ស៤នាក់របួស។ នគរបាលបាននិយាយថា បុរសនោះបានចាប់ផ្តើមវាយប្រហារនៅម៉ោងប្រហែល ៩ យប់ម៉ោងក្នុងតំបន់ កាលពីថ្ងៃច័ន្ទនៅតំបន់ Albany ជាយទីក្រុង Auckland ភាគខាងជើង ។ នគរបាលបានចាប់ខ្លួនជនសង្ស័យអាយុ២៤ឆ្នាំម្នាក់នៅកន្លែងកើតហេតុ និងបានចោទប្រកាន់ពីបទបង្ករបួសស្នាមដោយចេតនាក្នុងស្ថានភាពធ្ងន់ធ្ងរ។ បុរសនោះជាជនជាតិចិន បានចូលបង្ហាញខ្លួននៅតុលាការនៅថ្ងៃអង្គារនេះ។ នគរបាលពុំបានផ្តល់មូលហេតុភ្លាមៗសម្រាប់ការវាយប្រហារនេះទេ ប៉ុន្តែបាននិយាយថាពួកគេគ្មានភស្តុតាងថាវាជាមូលហេតុនៃការប្រកាន់ពូជសាសន៍នោះទេ។

មន្ទីរពេទ្យ North Shore បាននិយាយថា ខាងមន្ទីពេទ្យមានអ្នកជំងឺ២នាក់របួសស្រាល ដែលអ្នកទាំងពីរស្ថិតក្នុងស្ថានភាពមានស្ថិរភាព ហើយមុននេះ អ្នកជំងឺទី ៣ បានចាកចេញពីមន្ទីរពេទ្យ។ អ្នកទទួលទានអាហារម្នាក់បានប្រាប់សារព័ត៌មាន New Zealand Herald ថាលោកកំពុងទទួលអាហារពេលល្ងាចជាមួយមិត្តម្នាក់ នៅពេលនោះបុរសម្នាក់ដើរចូលហើយចាប់ផ្តើមវាយទៅលើមិត្តរបស់គាត់ដែលបានបណ្តាលឲ្យរងរបួសធ្ងន់៕
