NATO៖ មេបញ្ជាការរបស់សម្ព័ន្ធភាពណាតូ (NATO) នៅទីក្រុងព្រីស្ទីណា (Pristina) ប្រទេសកូសូវ៉ូ កាលពីយប់ថ្ងៃចន្ទ (១៩ មិថុនា) បាននិយាយថា កងកម្លាំងណាតូ ក្នុងប្រទេសកូសូវ៉ូ បានត្រៀមរួចជាស្រេច ដើម្បីប្រឈមមុខនឹងស្ថានភាពណាមួយ ប្រសិនបើកើតមាននូវអំពើហិង្សាស្រដៀងនឹងការគំរាមកំហែងដល់សន្តិភាព នាពេលថ្មីៗនេះ។

ទាហានរក្សាសន្តិភាពអង្គការណាតូ (NATO) ប្រមាណ ៣០នាក់ ដែលនៅការពារសាលាក្រុងបី នៅភាគខាងជើងប្រទេសកូសូវ៉ូ បានរងរបួស ក្នុងការប៉ះទង្គិចជាមួយបាតុកររបស់ប្រទេសស៊ែរប៊ី កាលពីចុងខែឧសភា ខណៈក្រុមបាតុករ មានរងរបួស ៥២នាក់ដែរ។
អង្គការណាតូ NATO ដែលបាន និងកំពុងការពារប្រទេសកូសូវ៉ូ ចាប់តាំងពីសង្គ្រាម បានបញ្ចប់ក្នុងឆ្នាំ១៩៩៩ បានសម្រេចដាក់ពង្រាយកងទ័ពបន្ថែមចំនួន ៧០០នាក់ និងបានបញ្ជាឲ្យកងវរសេនាតូចមួយទៀតប្រុងជើងការកម្រិតខ្ពស់ ខណៈការដាក់ពង្រាយថែមនេះ នាំឲ្យកងកម្លាំងរបស់អង្គការនេះ កើនឡើងដល់ចំនួន ៤.៥១១នាក់ហើយ។
មេបញ្ជាការកងទ័ពណាតូ ដែលត្រូវបានស្គាល់ថា KFOR លោក Angelo Michele Ristuccia បានប្រាប់ក្រុមអ្នកសារព័ត៌មានពីទីស្នាក់ការកណ្តាលរបស់លោក នៅឯជាយក្រុងព្រីស្ទីណា (Pristina) ថា៖ «យើងរៀបចំផែនការរួចហើយ ក្នុងការប្រឈមជាមួយកាលៈទេសៈណាមួយ។ នោះហើយជាមូលហេតុ ដែលយើងទទួលបានកងកម្លាំងបន្ថែមទៀត។ យើងមិនប្រតិកម្ម តែយើងធ្វើសកម្មភាព»។

លោក Ristuccia បានបន្ថែមថា៖ «មិនមានដំណោះស្រាយខាងយោធានោះទេ នៅពេលនេះ ពីព្រោះមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានភាពនេះ គឺការសម្រេចចិត្តផ្នែកនយោបាយ ដែលផ្អែកលើឆន្ទៈរបស់ភាគីជម្លោះ ដើម្បីធ្វើប្រក្រតីភាពទំនាក់ទំនងរបស់ពួកគេ ប៉ុន្តែដំបូងត្រូវបន្ថយភាពតានតឹងសិន»។
សូមបញ្ជាក់ថា ភាគខាងជើងប្រទេសកូសូវ៉ូ ដែលជនជាតិស៊ែរប៊ីរស់នៅដោយភាគច្រើន បានជួបប្រទះនូវតានតឹងយ៉ាងអាក្រក់បំផុតឥតឈប់ឈរ ចាប់តាំងពីប្រទេសនេះបានប្រកាសឯករាជ្យពីប្រទេសស៊ែរប៊ី ក្នុងឆ្នាំ២០០៨ ដោយជនជាតិស៊ែរប៊ីប្រហែល ៥០.០០០នាក់ ដែលរស់នៅប៉ែកខាងជើងនេះ បានបដិសេធការគ្រប់គ្រងរបស់ក្រុងព្រីស្ទីណា (Pristina) ហើយចាត់ទុកទីក្រុងបែលក្រាដ (Belgrade) ជារដ្ឋធានីរបស់ពួកគេ៕