ហ្វីលីពីន៖ ទីភ្នាក់ងាររដ្ឋាភិបាលមួយបានរាយការណ៍កាលពីថ្ងៃចន្ទថា មនុស្សយ៉ាងហោចណាស់ ៦២៨ នាក់បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីត្រូវបានជម្លៀសខ្លួនទៅកាន់ទីជម្រកដោយសារតែការផ្ទុះនៃភ្នំភ្លើង Mayon ដែលជាភ្នំភ្លើងសកម្មបំផុតនៅក្នុងប្រទេសហ្វីលីពីន។ ក្រុមប្រឹក្សាគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយជាតិ បានកត់ត្រាយ៉ាងហោចណាស់ជំងឺចំនួន ១០ ប្រភេទដែលប៉ះពាល់ដល់អ្នកជម្លៀសខ្លួនដែលមានអាយុចន្លោះពី២ ទៅ ៦៤ឆ្នាំ រួមមាន ជំងឺក្អក ផ្តាសាយ គ្រុនក្តៅ រលាកក្រពះ ការឆ្លងមេរោគផ្លូវដង្ហើម និងជំងឺស្បែក។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ បាននិយាយថាមនុស្សជិត ៣៩.០០០ នាក់ បានរងផលប៉ះពាល់ដោយការផ្ទុះនៃភ្នំភ្លើង Mayon ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ៨ ខែមិថុនា។

អាជ្ញាធរក្នុងតំបន់បានជម្លៀសអ្នកភូមិជាង ២០.០០០នាក់ដែលរស់នៅក្នុងតំបន់គ្រោះថ្នាក់ជុំវិញភ្នំភ្លើង Mayon ដែលមានរាងកោណដ៏ទាក់ទាញនៅក្នុងខេត្ត Albay មានចម្ងាយប្រមាណ៥០០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃរដ្ឋធានីម៉ានីល របស់ប្រទេសហ្វីលីពីន។ ខេត្តដែលស្ថិតក្រោមស្ថានភាពរដ្ឋក្នុងគ្រាអាសន្នបានបង្កើតមជ្ឈមណ្ឌលជម្លៀសចំនួន ២៨ កន្លែងសម្រាប់ជនភៀសខ្លួន ដែលភាគច្រើននៅក្នុងថ្នាក់រៀន។
វិទ្យាស្ថានសិក្សាពីភ្នំភ្លើងនិងរញ្ជួយដីប្រទេសហ្វីលីពីន កាលពីថ្ងៃចន្ទបានកត់ត្រាលំហូរ ចេញពីកម្អែភ្នំភ្លើងដែលបានធ្លាក់មកមានរយៈពេលបីនាទី។ផ្សែងផេះដែលផ្ទុកដោយចំហាយបានកើនឡើងដល់៦០០ ម៉ែត្រហើយវិទ្យាស្ថានបានរក្សាកម្រិតប្រកាសអាសន្នភ្នំភ្លើងនៅកម្រិត៣ក្នុងចំណោមកម្រិតទាំង៥ ។
ភ្នំភ្លើងបានផ្ទុះចុងក្រោយក្នុងឆ្នាំ ២០១៨ បណ្តាលឱ្យមានការជម្លៀសមនុស្សជាង ២៣.០០០ នាក់ពីទីក្រុង និងក្រុងចំនួនប្រាំបួន៕
