UN៖ អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ ឬ UN បានឲ្យដឹងថា អគ្គលេខាធិការរបស់អង្គការនេះលោក Antonio Guterres កាលពីថ្ងៃចន្ទ (ទី១៩ ខែមិថុនា) បានជំរុញឲ្យប្រទេសអ៊ីស្រាអែលបញ្ឈប់ និងកែប្រែឡើងវិញនូវអ្វីដែលលោកបានពិពណ៌នាថា ជាការសម្រេចចិត្ត ដែលបង្កឲ្យមានការរំជើបរំជួល និងក្ដីកង្វល់ពាក់ព័ន្ធនឹងសកម្មភាពនៃការតាំងលំនៅឋាន នៅតំបន់វ៉េសប៊ែង (West Bank) ដែលខ្លួនគ្រប់គ្រង។

អ្នកនាំពាក្យរងអង្គការសហប្រជាជាតិ ឬUN លោក Farhan Haq បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «អគ្គលេខាធិការបញ្ជាក់សារជាថ្មីថា ការតាំងលំនៅឋាន គឺជាការរំលោភបំពានច្បាប់អន្តរជាតិជាក់ស្តែង។ ទាំងនោះគឺជាឧបសគ្គដ៏ធំ ក្នុងការធ្វើឲ្យលេចជារូបរាងពិតនៃដំណោះស្រាយពីរដ្ឋពីរ ព្រមទាំងមានសន្តិភាពដ៏ត្រឹមត្រូវ យូរអង្វែង និងទូលំទូលាយ»។
លោក Haq បានបន្ថែមថា៖ «ការពង្រីកការតាំងលំនៅឋានខុសច្បាប់ទាំងនេះ គឺជាកត្តាជំរុញដ៏សំខាន់ឲ្យមានភាពតានតឹង និងអំពើហឹង្សា និងធ្វើឲ្យមានតម្រូវការផ្នែកមនុស្សធម៌កាន់តែខ្លាំងឡើងៗ»។

គណៈរដ្ឋមន្ត្រីរបស់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ (ទី១៨ ខែមិថុនា) បានអនុម័តនូវសេចក្ដីសម្រេចមួយ ដែលនឹងកាត់បន្ថយឲ្យកាន់តែខ្លីជាងមុននូវដំណើរការនៃការសុំអនុម័តសាងសង់លំនៅឋាន នៅតំបន់វ៉េសប៊ែង (West Bank) ហើយផ្ដល់សិទ្ធិអំណាចដល់រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Bezalel Smotrich ដែលមានតួនាទីជារដ្ឋមន្ត្រីនៅក្នុងក្រសួងការពារជាតិផងដែរនោះ ឲ្យអនុម័តដំណាក់កាលមួយ ក្នុងចំណោមដំណាក់កាលនានា។
ការសម្រេចនេះ នឹងផ្លាស់ប្ដូរប្រព័ន្ធច្បាប់ ដែលចូលជាធរមាន ក្នុងរយៈពេល ២៧ឆ្នាំចុងក្រោយនេះ៕