ភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡា នឹងមិនរៀបចំការចាក់វ៉ាក់សាំងដាច់ដោយឡែក ជូនគ្រូបង្រៀនទាំងរដ្ឋ ឯកជន ព្រមទាំងបុគ្គលិកដៃគូរអភិវឌ្ឍន៍ក្នុងវិស័យអប់រំ ស្ថិតនៅក្នុងរាជធានីភ្នំពេញ ដូចកាលជំហានទី១ទៀតទេ ពោលគឺពួកគាត់អាចទាក់ទងទៅអាជ្ញាធរមូលដ្ឋានដែលកំពុងរស់នៅ ដើម្បីមានឈ្មោះអាចទៅចាក់វ៉ាក់សាំងបាន។
មូលហេតុដែលក្រសួងអប់រំយុវជន និងកីឡា សម្រេចមិនរៀបចំការចាក់វ៉ាក់សាំងដាច់ដោយឡែក ជូនបុគ្គលិកអប់រំ បុគ្គលិកកិច្ចសន្យានៃគ្រឹះស្ថានរដ្ឋ និងឯកជន ព្រមទាំងបុគ្គលិកអង្គការដៃគូអភិវឌ្ឍន៍ក្នុងវិស័យអប់រំ ស្ថិតនៅរាជធានីភ្នំពេញ ដោយសារក្នុងពេលបច្ចុប្បន្ននេះ អនុគណៈកម្មការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-19 ក្នុងក្របខណ្ឌក្រសួងការពារជាតិ បាននិងកំពុងដំណើរការចាក់វ៉ាក់សាំងនៅតាមខណ្ឌចំនួន៦រួមមាន ៖ ខណ្ឌកំបូល ឫស្សីកែវ មានជ័យ ពោធិ៍សែនជ័យ ទួលគោក និងខណ្ឌដង្កោ ដែលមានទីតាំងនៅគ្រប់បណ្តាសង្កាត់ក្នុងខណ្ឌ។ ម្យ៉ាងទៀតវ៉ាក់សាំងកូវីដ-19 បាននិងកំពុងមកដល់ជាបន្តបន្ទាប់ ដូចនេះយុទ្ធនាការការចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញ នឹងពង្រីកវិសាលភាពនៅគ្រប់ខណ្ឌ ដែលក្នុងខណ្ឌនីមួយៗ នឹងមានទីតាំងចាក់វ៉ាក់សាំងនៅគ្រប់សង្កាត់ទាំងអស់ ដើម្បីគ្របដណ្ដប់ ការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋទាំងអស់។
នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំស្តីពីផែនការចាក់វ៉ាក់សាំងវ៉ាក់សាំង សម្រាប់បុគ្គលិកអប់រំ បុគ្គលិកកិច្ចសន្យា និងបុគ្គលិកអង្គការដៃគូរអភិវឌ្ឍន៍ក្នុងវិស័យអប់រំមិនទាន់ចាក់វ៉ាក់សាំងកូវីដ-19 នៅរាជធានីភ្នំពេញ ដែលBTV ទទួលបាននៅថ្ងៃទី១២ ខែឧសភានេះ។
ជាមួយគ្នានេះ លោករស់ សុវាចាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានស្នើរដល់បុគ្គលិកអប់រំ បុគ្គលិកកិច្ចសន្យានៃគ្រឹះស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងបុគ្គលិកអង្គការដៃគូអភិវឌ្ឍន៍ក្នុងវិស័យអប់រំ ដែលមិនទាន់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 សូមទៅទាក់ទងចៅសង្កាត់ រស់នៅបច្ចុប្បន្នក្នុងរាជធានីភ្នំពេញ ដើម្បីទទួលបានព័ត៌មាននៃការចាក់វ៉ាក់សាំង។ដោយឡែកនៅតាមបណ្តាលខេត្តវិញ គឺក្រសួងមិនទាន់មានផែនការនោះទេ ពោលកំពុងរង់ចាំ ការពិភាក្សាពីដៃគូរពាក់ព័ន្ធ។
បើតាមបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា គិតត្រឹមថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ក្រសួង បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ទាំងពីរដូសជូនបុគ្គលិកអប់រំ បុគ្គលិកកិច្ចសន្យា ដែលបម្រើការក្នុងអង្គភាពអប់រំនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ព្រមទាំងបុគ្គលិកនៃអង្គការដៃគូអភិវឌ្ឍក្នុងវិស័យអប់រំសរុបចំនួន ១១៦,៥៦៣នាក់ ត្រូវជា ៧៤% នៃចំនួនសរុប ១៥៨,០០០ នាក់៕
អត្ថបទ ៖ ទូច សោភ័ណ