យោងតាមសេចក្តីរាយការណ៍ថ្មី បានឲ្យដឹងថា ផ្ទាំងទឹកកក កំពុងរលាយក្នុងអត្រាពុំធ្លាប់ដែលមានពីមុនមកនៅទូទាំងតំបន់ជួរភ្នំហិម៉ាឡៃ ហើយវានឹងអាចបាត់បង់ទឹកកករហូតដល់ ៨០ភាគរយនៃទំហំទឹកកកបច្ចុប្បន្នក្នុងសតវត្សរ៍នេះ បើសិនជាការបំភាយឧស្ម័នផ្ទះកញ្ចក់ មិនត្រូវបានកាត់បន្ថយឆាប់រហ័សទេនោះ ។

របាយការណ៍ពីមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍ភ្នំសមាហរណកម្មដែលមានមូលដ្ឋាននៅទីក្រុងកដ្ឋម៉ាន់ដូ ប្រទេសនេប៉ាល់ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ទឹកជំនន់ដ៏គំហុក និងបំណាក់ផ្ទាំងទឹកក ទំនងជាកើនឡើងច្រើនជាងមុន ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ហើយវាអាចធ្វើឲ្យទឹកសាប ប៉ះពាលដល់មនុស្សជាតិ ២ពាន់លាននាក់ដែលរស់នៅតាមខ្សែទឹកខាងក្រោមនៃទន្លេចំនួន ១២ ដែលមានប្រភពដើមនៅតំបន់ភ្នំ ។
ទឹកកក និងព្រិលនៅតំបន់ជួរភ្នំហិម៉ាឡៃ គឺជាប្រភពទឹកដ៏សំខាន់សម្រាប់ទន្លេទាំងនេះ ដែលហូរកាត់ប្រទេសចំនួន ១៦ នៅតំបន់អាស៊ី ហើយវាផ្តល់ទឹកសាបដល់មនុស្ស ២៤០លាននាក់ នៅតាមតំបន់ភ្នំ និងមនុស្ស ១,៦៥ពាន់លាននាក់ នៅតាមខ្សែទឹកខាងក្រោម ។

លោក Amina Maharjan គឺជាអ្នកឯកទេសចំណាកស្រុក និងស្ថិតក្នុងចំណោមអ្នកនិពន្ធរបាយការណ៍នេះ និយាយថា មនុស្សរស់នៅតាមតំបន់ភ្នំទាំងនេះ ដែលពុំបានរួមចំណែកអ្វីទាល់តែសោះចំពោះការឡើងកម្តៅផែនដី ស្ថិតក្នុងហានិភ័យខ្ពស់ដោយសារបម្រែបម្រួលអាកាសធាតុ ។
លោកបន្តថា កិច្ចខិតខំសម្របខ្លួនមិនគ្រប់គ្រាន់នោះទេ ហើយពួកយើងពិតជាមានការព្រួយបារម្ភខ្លាំងណាស់ថា បើគ្មានការគាំទ្រច្រើនជាងនេះទេ សហគមន៍ទាំងអស់នេះ នឹងពុំអាចទប់ទល់បាននោះទេ ៕


