ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានរំលឹកអំពីដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយយកជីវិតធ្វើជាដើមទុន កាលពី៤៦ឆ្នាំមុន ដោយបានធ្វើដំណើរទាំង ប្រថុយប្រថាន ចាកចោលគ្រួសារ ទៅស្នើសុំជំនួយពីកម្លាំងវៀតណាម មកជួយផ្តួលរំលំរបបនេះ រហូតបាន នាំប្រទេសកម្ពុជាដើរមកដល់ចំណុចបច្ចុប្បន្ននេះ ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅ ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) ដែលបានធ្វើឡើងនៅក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២០ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កាលពី៤៦ឆ្នាំមុន ពោលគឺថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ បើសមមិត្ត ហ៊ុន សែន មិនសម្រេចចិត្តយកជីវិត ធ្វើជាដើមទុន ដើម្បីធ្វើដំណើរទៅរកជំនួយកងកម្លាំងវៀតណាមមកផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ទេនោះ មិនដឹងថានឹងមានអ្វីកើតឡើងសម្រាប់ប្រទេសកម្ពុជាបន្តទៀត ខណៈពេលវេលានោះ ជីវិត របស់ពលរដ្ឋខ្មែរទាំងអស់ ស្ថិតនៅក្រោមកណ្តាប់ដៃរបស់ពួកខ្មែរក្រហមហើយនោះ ។
សូមរំលឹកថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ គឺជាខួបគម្រប់៤៦ឆ្នាំ នៃដំណើរតស៊ូឆ្ពោះទៅរក ការរំដោះជាតិ របស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះប្រជាជនកម្ពុជាចេញពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ៤រូបផ្សេងទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តានតឹង បំផុត លាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ ធ្វើដំណើរជ្រែកស្បៃរាត្រី ឆ្លងកាត់ ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុល ពត។
ផ្តើមចេញពីដំណើរតស៊ូជាមួយទឹកចិត្តដ៏មុះមុតនោះហើយ ទើបនាំឱ្យមានការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបវាលពីឃាត ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយឈាន ឆ្ពោះ ទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម បិទបញ្ចប់ការបែកបាក់ជាតិ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាងអភិវឌ្ឍប្រទេសឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន ៕អត្ថបទ៖ បាន ចក់






