ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពជាគោលការទៅនឹងសំណូមពររបស់សម្ដចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្ដីរដ្ឋមន្រ្ដីក្រសួងការពារជាតិលើ ៥ ចំណុច ក្នុងការស្នើឡើងពាក់ព័ន្ធទៅនឹងការសិក្សាចងក្រងជាប្រវត្តិសាស្រ្តយោធា ការបង្កើតច្បាប់ និងការស្ថាបនាសួននៃការចង់ចាំរបស់កម្ពុជាតាមដំណើរឈានទៅរកការរំដោះ ២០ មិថុនា ១៩៧៧។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានផ្ដល់ការឯកភាពជាគោលការណ៍បែបនេះ ក្នុងឱកាសអញ្ជើញអបអរសាទរ ខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧- ២០ មិថុនា ២០២៣ នៅក្រសួងការពារជាតិ។
សម្ដេចតេជោ កោតសរសើរ និងអបអរសាទរដល់ក្រុមការងារទាំងអស់ដែលបានខិតខំរៀបចំឡើងនូវស្ដូបវិមានអនុស្សាវរីយ៍ រួមជាមួយនឹងសមិទ្ធផលនានានៅតាមបណ្ដាខេត្តទូទាំងប្រទេសជាពិសេស នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16។
ក្នុងឱកាសនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញសៀវភៅប្រវត្តិសាស្រ្ដកម្ពុជា ដែលជាសម្រង់ប្រសាសន៍របស់សម្ដេចជាង ៤០ ម៉ោង។ ប៉ុន្ដែសៀវភៅនេះ ត្រូវមានការត្រួតពិនិត្យ និងកែតម្រូវពីសម្ដេចបន្ថែមទៀតទើបឈានទៅដល់ការបោះពុម្ព។
សម្ដេចតេជោបញ្ជាក់ថា សៀវភៅប្រវត្តិសាស្រ្ដកម្ពុជា ដែលជាសម្រង់ប្រសាសន៍របស់សម្ដេច គឺរយៈពេលប្រមាណ១០ឆ្នាំទៀតទើបអនុញ្ញាតឱ្យបោះពុម្ពផ្សាយជាផ្លូវការ៕អត្ថបទ៖ វ៉ន ដារ៉ា



