ឥណ្ឌា៖ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានឲ្យដឹងថា សីតុណ្ហភាពកើនឡើង បណ្តាលឲ្យមនុស្សជិត១៧០នាក់ស្លាប់ នៅរដ្ឋនៃប្រទេសឥណ្ឌាភាគខាងជើងចំនួន២ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។
ខណៈហ្វូងមនុស្សសម្រុកចូលទៅកាន់មន្ទីរពេទ្យនានា កង្វះធនធានវេជ្ជសាស្ត្រ និងការរាលដាលការដាច់ទឹកនិងអគ្គិសនី បានធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ។

យោងតាមក្រសួងឧត្តុនិយមឥណ្ឌាបានឲ្យដឹងថា សីតុណ្ហភាពនៅពេលថ្មីៗនេះលើសពីកម្រិតមធ្យមឥតឈប់ឈរ ដោយកើនឡើងខ្ពស់បំផុតដល់៤៣.៥ អង្សារសេ។ រដ្ឋាភិបាលឥណ្ឌាបានចេញការព្រមានពីសីតុណ្ហភាពខ្ពស់ក្នុងរដ្ឋ Uttar Pradesh និងនៅទីកន្លែងផ្សេងទៀត។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ និងមន្ត្រីសុខាភិបាល បានឲ្យដឹងថា មនុស្ស១១៩នាក់ បានស្លាប់នៅក្នុងរដ្ឋ Uttar Pradesh និង៤៧នាក់ នៅក្នុងរដ្ឋ Bihar ដែលនៅជិតខាង។
មន្ទីរពេទ្យជាច្រើន មានមនុស្សច្រើនលើសលប់ ដោយបុគ្គលិកពេទ្យកំពុងធ្វើការទាំងយប់ទាំងថ្ងៃ៕
