ឥណ្ឌា៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានចាកចេញទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃអង្គារ (២០ មិថុនា)នេះ សម្រាប់ដំណើរទស្សនកិច្ចមួយដែលត្រូវបានចាត់ទុកថាជារបត់ប្រែប្រួលមួយសម្រាប់ទំនាក់ទំនងទ្វេភាគី ដោយកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនៅក្នុងឧស្សាហកម្មការពារជាតិ និងការចែករំលែកបច្ចេកវិទ្យាជាន់ខ្ពស់ជាប្រធានបទសំខាន់ក្នុងដំណើរទស្សនកិច្ចមួយនេះ។

ដំណើរទស្សនកិច្ចនេះត្រូវបានគេរំពឹងថានឹងផ្តល់ឱ្យឥណ្ឌានូវលទ្ធភាពទទួលបានបច្ចេកវិទ្យាសំខាន់ៗរបស់អាមេរិក ដែលរដ្ឋធានីវ៉ាស៊ីនតោនកម្រនឹងចែករំលែកជាមួយប្រទេសមិនមែនសម្ព័ន្ធមិត្ត ដោយពង្រឹងចំណងថ្មីមួយដែលត្រូវបានគាំទ្រដោយមិនត្រឹមតែនយោបាយពិភពលោកប៉ុណ្ណោះទេ ថែមទាំងពាណិជ្ជកម្ម និងសេដ្ឋកិច្ចផងដែរ។
លោក Modi បាននិយាយនៅក្នុងអត្ថបទតាមអ៊ីនធើណិតមួយថា "ខ្ញុំមានទំនុកចិត្តថាដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់សហរដ្ឋអាមេរិកនឹងពង្រឹងទំនាក់ទំនងរបស់យើង ដោយផ្អែកលើគុណតម្លៃរួមនៃលទ្ធិប្រជាធិបតេយ្យ លក្ខណៈចម្រុះ និងសេរីភាព។ ដោយរួបរួមជាមួយគ្នា យើងមានជំហរកាន់តែរឹងមាំនៅក្នុងការជួបប្រឈមគ្នានូវបញ្ហាសកលមួយនេះ។”

រដ្ឋធានីវ៉ាស៊ីនតោន និងញ៉ូវដេលី ដែលទំនាក់ទំនងរវាងរដ្ឋធានីទាំងពីរនេះត្រូវបានរកាំរកូសដោយការសង្ស័យគ្នាទៅវិញទៅមកក្នុងអំឡុងសង្គ្រាមត្រជាក់ បាននិងកំពុងមានភាពកាន់តែជិតស្និទ្ធជាងពីរទសវត្សរ៍មកហើយ ជាមួយនឹងបណ្ដាប្រធានាធិបតីអាមេរិកជាបន្តបន្ទាប់ ដែលបង្ហាញការគាំទ្រទ្វេភាគីសម្រាប់ទំនាក់ទំនងកាន់តែរឹងមាំជាមួយប្រទេសអាស៊ីដែលសេដ្ឋកិច្ចទើបរីកលូតលាស់ និងជាអំណាចក្នុងតំបន់មួយនេះ៕