ភ្នំពេញ៖ ក្រុមហ៊ុន SPC Global ដែលជាអាជីវកម្មកសិឧស្សាហកម្មដ៏ល្បីល្បាញរបស់អូស្ត្រាលី បានធ្វើទស្សនកិច្ចស្វែងយល់ពីសក្តានុពលសក្តានុពលកសិផល ជាពិសេសផ្លែឈើ ដោយបានបង្ហាញផែនការចង់នាំចេញផ្លែឈើពីប្រទេសកម្ពុជា ទៅកាន់ប្រទេសអូស្រ្តាលី។
ក្រោមការសម្របសម្រួលរបស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ក្រុមហ៊ុន បានមកធ្វើទស្សនកិច្ចនៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៤-១៦ ខែមិថុនា ដើម្បីស្វែងយល់ពីការវិនិយោគ និងសក្តានុពលពាណិជ្ជកម្មនៅកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃកន្លះនេះ ក្រុមហ៊ុន SPC Global បានធ្វើដំណើរទៅទស្សនកិច្ចនៅ រោងចក្រផលិតកម្មចំណីអាហារគីរីរម្យ នៅក្នុងខេត្តកំពង់ស្ពឺ និងក្រុមហ៊ុនលីលី នៅក្នុងរាជធានីភ្នំពេញ។ តំណាងក្រុមហ៊ុន SPC Global ទាំងពីរអ្នកនេះ ក៏បានជួបជាមួយម្ចាស់អាជីវកម្មកសិឧស្សាហកម្មធំៗ ចំនួនបួនផងដែរ ដែលមាន ក្រុមហ៊ុន Navita Food Production ក្រុមហ៊ុន Misota Food Cambodia ក្រុមហ៊ុន SHE Agrocam និង ក្រុមហ៊ុន Royal Trust។
លោក Rifai បានមានប្រសាសន៍ថា កម្ពុជាជាប្រទេសដ៏ល្អមួយសម្រាប់ ក្នុងការស្វែងរកឱកាសថ្មីៗផ្នែកកសិកម្ម ជាពិសេសបន្លែ និងផ្លែឈើ ដែលមិនមានការដាំដុះ ឬបច្ចុប្បន្ននេះមិនមានវត្តមាននៅក្នុងប្រទេសអូស្ត្រាលី។
លោកបន្តថា៖ "វិស័យកសិ-ចំណីអាហារ គឺជាវិស័យផ្តោតសំខាន់មួយរបស់កម្ពុជា ហើយអូស្ត្រាលីក៏កំពុងគាំទ្រការអភិវឌ្ឍរបស់កម្ពុជាលើវិស័យនេះដែរ។ យើងសូមអរគុណចំពោះ កម្មវិធី CAPRED ដែលបានណែនាំឱកាសនេះមកកាន់ក្រុមហ៊ុនរបស់យើង ហើយយើងកំពុងបន្តការពិភាក្សាជាមួយនឹងក្រុមហ៊ុនមួយចំនួនដែលយើងបានជួប”។
ក្រុមហ៊ុន SPC Global ដែលមានមូលដ្ឋាននៅទីក្រុងវីកតូរៀ ប្រទេសអូស្ត្រាលី មានបទពិសោធន៍ជាងមួយសតវត្សហើយ ក្នុងការកែច្នៃ និងវេចខ្ចប់ផលិតផលផ្លែឈើ និងបន្លែ។
ក្រុមហ៊ុននេះ ទិញផលិតផលមួយចំនួនពីបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី ហើយក៏ចាប់អារម្មណ៍ចង់ពង្រីកការ វិនិយោគរបស់ខ្លួនដោយការនាំចេញពីកម្ពុជា នូវផលិតផលដូចជា ស្វាយ សាវម៉ាវ មៀន និងស្រកានាគ។
ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា តំណាងក្រុមហ៊ុន SPC Global ក៏មានឱកាសជួបជាមួយមន្ត្រីសំខាន់ៗ មកពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មកម្ពុជា និងទីភ្នាក់ងារវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផងដែរ។
ប្រទេសកម្ពុជាមានសមត្ថភាពខ្ពស់លើកសិផលដែលមានតម្លៃខ្ពស់ រួមមាន ស្វាយ ចេក ស្វាយចន្ទី ដំឡូងជ្វា ល្ង ម្ទេស និងម្រេចកំពត ដ៏ល្បីល្បាញលើពិភពលោក៕ អត្ថបទ៖ វណ្ណៈ






