
អ្នកជំនាញលើការរុករកបំណែកនាវាទីតានិក (Titanic) និងអ្នកមុជទឹកតាមនាវាមុជទឹកជ្រៅដ៏មានបទពិសោធន៍ បានសម្តែងនូវក្តីសង្ឃឹម កាលថ្ងៃចន្ទ (ថ្ងៃទី១៩ ខែមិថុនា) សម្រាប់លទ្ធផលវិជ្ជមាន ចំពោះការស្វែងរកនាវាមុជទឹកទេសចរណ៍ដែលបានបាត់ ដោយធ្វើការរុករក នៅកន្លែងលិចនោះ។
លោក Larry Daley គឺជាអ្នកប្រវតិ្តសាស្ត្រនាវាទីតានិក (Titanic) ដែលធ្លាប់ចំណាយពេល ១២ម៉ោង ដើម្បីធ្វើដំណើរមើលបំណែកតាមរយៈនាវាមុជទឹក។ លោកបាននិយាយថា លោកនៅតែមានសង្ឃឹម ដោយសារតែនាវាបាត់ខ្លួននេះ មានឧបករណ៍បច្ចេកវិទ្យាខ្ពស់ ដែលអាចរក្សាជីវិតអ្នកដំណើរបានជាច្រើនម៉ោង។
យោងតាមក្រុមហ៊ុនឯកជន ដែលបានបញ្ជូននាវាមុជទឹក ដើម្បីធ្វើដំណើររុករកបំណែករបស់នាវាទីតានិក (Titanic) បានឲ្យដឹងថា នាវាបេសកកម្មទេសចរណ៍នេះ បានបាត់ការទាក់ទងនៅឯឆ្នេរសមុទ្រភាគអាគ្នេយ៍នៃប្រទេសកាណាដា។
ក្រុមហ៊ុន OceanGate Expeditions បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ កាលពីថ្ងៃចន្ទ (ទី១៩ ខែមិថុនា) ថា ខ្លួនកំពុង«ប្រមូលនូវជម្រើសទាំងអស់» ដើម្បីរកវិធីជួយសង្គ្រោះអ្នកនៅក្នុងនាវាមុជទឹកនោះ។ គេមិនទាន់ដឹងភ្លាមៗទេថា មានមនុស្សប៉ុន្មាននាក់បាត់ខ្លួននោះ៕

