
ចក្រភពអង់គ្លេសកាលពីថ្ងៃចន្ទ (១៩ មិថុនា) បានចាប់ផ្តើមអនុវត្តគម្រោងពាណិជ្ជកម្មអនុគ្រោះជាមួយប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍ចំនួន ៦៥ប្រទេស ដើម្បីជំនួសការរៀបចំស្រដៀងគ្នានេះនៅពេលដែលប្រទេសនេះនៅជាសមាជិកនៃសហភាពអឺរ៉ុប។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិអង់គ្លេសលោក Nigel Huddleston បានប្រកាសពីការចាប់ផ្តើមនៃគម្រោងការពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍ (DCTS) ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅរដ្ឋធានី Addis Ababa របស់ប្រទេសអេត្យូពី។ នាយកដ្ឋានពាណិជ្ជកម្ម និងធុរកិច្ចរបស់ចក្រភពអង់គ្លេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រោងការណ៍នេះដកចេញ ឬកាត់បន្ថយពន្ធគយ និងសម្រួលដល់ច្បាប់ពាណិជ្ជកម្ម។
សេចក្តីថ្លែងការណ៍បាននិយាយថា គម្រោងការពាណិជ្ជកម្ម DCTS គ្របដណ្តប់ប្រទេសចំនួន ៦៥ ដែលមានប្រជាជនចំនួន ៣,៣ ពាន់លាននាក់ ដោយជាងពាក់កណ្តាលនៃប្រជាជនទាំងនោះរស់នៅក្នុងទ្វីបអាហ្វ្រិក ហើយបានបន្ថែមថាគ្រោងការណ៍នេះគឺ "មានភាពសប្បុរស" ជាងការរៀបចំស្រដៀងគ្នាពេលដែលចក្រភពអង់គ្លេសធ្លាប់ជាផ្នែកមួយនៅក្រោមសមាជិកភាពសហភាពអឺរ៉ុបរបស់ខ្លួន។
នៅក្រោមគម្រោងនេះ បណ្ដាអាជីវកម្មរបស់ចក្រភពអង់គ្លេសនឹងសន្សំថវិកាបានជាង ៧៧០លានផោន (៩៨៤ លានដុល្លារ) ជារៀងរាល់ឆ្នាំ តាមរយៈការកាត់ ឬដកចេញពន្ធលើការនាំចូលដែលមានតម្លៃជាង ៩ ពាន់លានផោន (១១,៥ ពាន់លានដុល្លារ) ដូចជាសម្លៀកបំពាក់ អាហារ និងប្រដាប់ក្មេងលេងរបស់កុមារជាដើម។
ប្រទេសអេត្យូពីសង្ឃឹមថា គម្រោងនេះនឹងអនុញ្ញាតឱ្យខ្លួនចំណេញលើទីផ្សារចក្រភពអង់គ្លេស និងស្តារវិស័យនាំចេញរបស់ខ្លួនឡើងវិញ ដែលបានទទួលរងនូវការធ្លាក់ចុះ បន្ទាប់ពីសហរដ្ឋអាមេរិកបានព្យួរប្រទេសនៅតំបន់ញកអាហ្វ្រិកមួយនេះ ពីច្បាប់ស្តីពីកំណើន និងឱកាសនៃប្រទេសអាហ្វ្រិក (AGOA) ជុំវិញការចោទប្រកាន់លើការរំលោភសិទ្ធិមនុស្ស៕