
ក្រុមអាជ្ញាធរប្រស៊ីល និយាយកាលពីថ្ងៃចន្ទថា ពួកគេរឹបអូសបានព្រុយត្រីឆ្លាមខុសច្បាប់ទម្ងន់ ២៨,៧តោន ដែលនឹងនាំចេញទៅកាន់អាស៊ី នូវអ្វីដែលពួកគេចាត់ទុកថា ជាការរឹបអូសព្រុយត្រីឆ្លាមដ៏ច្រើនបំផុតនៅលើពិភពលោក ទីភ្នាក់ងារការពារបរិស្ថាន Ibama បានប៉ាន់ស្មានថា ព្រុយត្រីឆ្លាមនេះ តំណាងឲ្យត្រីឆ្លាម ២ប្រភេទចំនួន ១ម៉ឺនក្បាល គឺត្រីឆ្លាមខៀវ និងត្រីឆ្លាមព្រុយខ្លី ដែលបានចូលក្នុងបញ្ជីជាតិប្រេស៊ីលថាជាពពួកត្រីជិតផុតពូជ កាលពីខែឧសភាកន្លងទៅ។
ទីភ្នាក់ងារ Ibama និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការរឹបអូសបានព្រុយត្រីឆ្លាមទាំងនេះ ស្មើនឹងការរឹបអូសបានច្រើនបំផុតនៅលើពិភពលោក ជាពិសេសគិតពីការរឹបអូសបានទំហំដែលត្រីឆ្លាមត្រូវចាប់បាន។
លោក Jair Schmitt គឺជាប្រធានផ្នែកការពារបរិស្ថានរបស់ទីភ្នាក់ងារ Ibama និយាយថា ប្រតិបត្តិការរបស់ Ibama មានគោលដៅលើក្រុមហ៊ុន ២ផ្សេងគ្នា ប៉ុន្តែក្រុមហ៊ុនដទៃទៀត នៅស្ថិតក្រោមការស៊ើបអង្កេតដូចគ្នា។
លោកបន្តថា ទង្វើបែបនេះ កើតឡើងម្តងហើយម្តងទៀតរួចទៅហើយនៅក្នុងប្រទេសប្រេស៊ីល។ កាលពីប៉ុន្មានឆ្នាំមុនពួកយើងរឹបអូសបានត្រីឆ្លាម ដែលគេកាត់យកតែព្រុយចំណែកឯដងខ្លួនរបស់វាទម្លាក់ចូលសមុទ្រវិញ ប្រហែល ៧ ឬ៨តោន នៅរដ្ឋ Para៕


