
ការិយាល័យសម្របសម្រួលការងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយកាលពីថ្ងៃចន្ទថា មនុស្សប្រហែល ២,៨លាននាក់ ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ចាប់តាំងពីខែមីនារហូតមក នៅខេត្ត North Kivu, South Kivu និងខេត្ត Ituri គឺជាខេត្តចំនួន ៣ដែលញាំញីដោយសារជម្លោះ ស្ថិតនៅតំបន់ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ។
OCHAនិយាយនៅក្នុងការបញ្ចេញព័ត៌មានថា ប្រទេសនៅអាហ្វ្រិកកណ្តាលមួយនេះ បច្ចុប្បន្នមានមនុស្សជម្លៀសខ្លួនក្នុងប្រទេសចំនួន ៦,៣លាននាក់ ដែលជាចំនួនខ្ពស់ជាងគេបំផុត ជាងប្រទេសណាៗទាំងអស់នៅអាហ្វ្រិក ។
OCHA បន្តទៀតថា អំពើហិង្សាយ៉េនឌ័រដែលកើតមានជាង ៣១.០០០ករណី ត្រូវបានចុះបញ្ជីនៅក្នុងរយៈពេល ៣ខែដំបូងក្នុងឆ្នាំ ២០២៣ ហើយពួកគេធ្វើការព្រមានថា ចំនួនពិតប្រាកដ អាចនឹងខ្ពស់ជាងនេះ ស្របពេលដែលអំពើហិង្សាផ្លូវភេទ តែងតែពុំត្រូវបានគេរាយការណ៍ ក្នុងនោះការបំពានលើកុមារ បានកើនឡើងដូចគ្នា ទីភ្នាក់ងារមនុស្សធម៌របស់ UNនៅក្នុងប្រទេសកុងហ្គោ និងដៃគូអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិរបស់ពួកគេ ត្រូវបានគេជំរុញឲ្យបញ្ជូនសមត្ថភាពបន្ថែមទៀត និងផ្តល់ធនធានច្រើនជាងមុន ដើម្បីបង្កើនទំហំជំនួយមនុស្សធម៌នៅក្នុងតំបន់ ក៏ដូចជាគាំទ្រដល់កិច្ចខិតខំរបស់រដ្ឋាភិបាលកុងហ្គោ និងធ្វើការយ៉ាងជិតស្និតជាមួយដៃគូក្នុងស្រុក និងអង្គការក្រៅស្រុក។
OCHAនិយាយថា បើទោះបីជាទំហំតម្រូវការបែបនេះក៏ដោយ ការផ្តល់មូលនិធិសម្រាប់ការឆ្លើយតបមនុស្សធម៌ នៅតែទាបដដែល ដោយពួកគេកត់សំគាល់ឃើញថា ទីភ្នាក់ងារជំនួយត្រូវការថវិការ ២,២៥ពាន់លានដុល្លារ ដើម្បីជួយដល់មនុស្ស ១០លាននាក់នៅក្នុងឆ្នាំនេះ ៕
