
នេះគឺជាការវាយប្រហារមួយផ្សេងទៀត ចំពោះជីវិតនយោបាយរបស់លោក Boris Johnson នៅពេលដែលសមាជិកសភាអង់គ្លេស បានគាំទ្រយ៉ាងច្រើនលើសលប់ ចំពោះរបាយការណ៍ថ្កោលទោស ដែលបានរកឃើញថា រូបលោកមានចេតនាបំភ័ន្តសភា ជុំវិញការជប់លៀង អំឡុងពេលបិទខ្ទប់។
លោក Johnson បានលាលែងពីសភាយ៉ាងប្រញាប់ប្រញាល់ នៅដើមខែនេះ បន្ទាប់ពីបានឃើញមុននូវច្បាប់ចម្លងនៃរបាយការណ៍ ដែលបានផ្ដល់អនុសាសន៍ថា អតីតនាយករដ្ឋមន្ត្រីត្រូវព្យួរតួនាទីបណ្ដោះអាសន្នរយៈពេលបីខែ។
សមាជិកសភាបានជជែកដេញដោលលើការរកឃើញរបស់របាយការណ៍នេះ អស់រយៈពេល ៥ម៉ោង មុនមានការបោះឆ្នោត ដោយអ្នកនយោបាយភាគច្រើននិយាយប្រឆាំងនឹងលោក Johnson ក្នុងនោះសមាជិកសភារបស់គណបក្សពលករ (Labour) លោក Thangam Debbonaire គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកទាំងនោះដែរ។
លោក Johnson បានចាត់ទុកគណៈកម្មាធិការនេះថា ជា «តុលាការសម្រាប់មនុស្សមួយក្តាប់តូច» ហើយបាននិយាយថារបាយការណ៍នេះ គឺមានបំណងឲ្យក្លាយការប្រហារដ៏ធំចុងក្រោយ ដើម្បីសម្លាប់ជីវិតនយោបាយដ៏យូរអង្វែងរបស់លោក។
តែយ៉ាងណាក្ដី នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak និងសមាជិកគណៈរដ្ឋមន្ត្រីជាច្រើនរូប បានអវត្តមានគួរឲ្យកត់សម្គាល់ពីការបោះឆ្នោត កាលពីថ្ងៃចន្ទ ដោយសារខ្លាចរអារពីការមានភាពតានតឹងដែលកំពុងកើនឡើងជាមួយសមាជិកគណបក្សអភិរក្សនិយម ដែលនៅតែស្មោះស្ម័គ្រនឹងលោក Johnson៕