អាមេរិក ៖ សហរដ្ឋអាមេរិក និងចិន បានសំឡឹងមើលទៅលើការបង្កើតបណ្តាញសុវត្ថិភាពសម្រាប់ការប្រកួតប្រជែងកាន់តែខ្លាំងរបស់ប្រទេសទាំងពីរក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងរបស់រដ្ឋមន្ត្រីការបរទេសលោក Antony Blinken ប៉ុន្តែដំណើរទស្សនកិច្ចនេះទទួលបានតែការសន្យាទូទៅ និងពុំមានការទម្លាយភាពទាល់ច្រកលើក្តីសង្ឃឹមសម្រាប់កិច្ចពិភាក្សាយោធា និងបញ្ហាកើតឡើងខ្ពស់នោះទេ។ ទាំងប្រធានាធិបតីលោក Xi Jinping ដែលបានជួបជាមួយលោក Blinken កាលពីថ្ងៃចន្ទ ទី ១៩ ខែមិថុនា នៅចុងបញ្ចប់នៃកិច្ចពិភាក្សារយៈពេល១១ម៉ោងនៅទីក្រុងប៉េកាំង ទាំងប្រធានាធិបតី លោក Joe Biden បានស្វាគមន៍ដំណើរទស្សនកិច្ចដែលទន្ទឹងរង់ចាំជាយូរមកហើយនេះ ថាជាសញ្ញានៃភាពរីកចម្រើនបន្ទាប់ពីភាពតានតឹងកើនឡើងជាច្រើនខែមក។ លោក Blinken បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប៉េកាំងថា «វាច្បាស់ណាស់ថាទំនាក់ទំនងគឺស្ថិតនៅចំណុចនៃអស្ថិរភាព ហើយភាគីទាំងពីរបានទទួលស្គាល់ពីតម្រូវការដើម្បីធ្វើការឱ្យមានស្ថិរភាព។ មន្ត្រីសហរដ្ឋអាមេរិកបាននិយាយម្តងហើយម្តងទៀតអំពីការពង្រីកទំនាក់ទំនងដើម្បីបង្កើត «រនាំងការពារ» នៅក្នុងទំនាក់ទំនងដើម្បីទប់ស្កាត់ការយល់ច្រឡំកុំឲ្យរធ្លាក់ចូលទៅក្នុងជម្លោះ។ ប៉ុន្តែលោក Blinken បានទទួលស្គាល់ថា សហរដ្ឋអាមេរិកពុំបានទទួលនូវបំណងណាមួយរបស់ខ្លួន ដែលសំខាន់បំផុតក្នុងការបញ្ជៀសការគណនាខុស ដែលជាការបន្តកិច្ចសន្ទនារវាងយោធាទាំងពីរ។ ហើយប្រទេសមហាអំណាចទាំងពីរនៅឆ្ងាយពីគ្នាលើបញ្ហាកោះតៃវ៉ាន់ ជាកោះស្វ័យគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យ ដែលទីក្រុងប៉េកាំងមិនបានច្រានចោលការក្រសោបកោះនេះយកដោយប្រើកម្លាំងនោះទេ។ លោក Blinken បានទទូចថា សហរដ្ឋអាមេរិកចង់រក្សាទុកស្ថានភាពជាក់ស្តែង និង ការគ្រប់គ្រងដោយការទទួលខុសត្រូវចំពោះបញ្ហាកោះតៃវ៉ាន់ ខណៈលោកបានលើកឡើងពីការព្រួយបារម្ភអំពីទង្វើបង្កហេតុដោយទីក្រុងប៉េកាំង។

