ចិន ៖ ក្រសួងការបរទេសបាននិយាយនៅថ្ងៃអង្គារ (២០ មិថុនា)នេះថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិកដើម្បីបង្កើនជើងហោះហើរអ្នកដំណើររវាងប្រទេសទាំងពីរក្នុង "លក្ខណៈដែលអាចបត់បែនបាននិងជាក់ស្តែង"។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា "យើងសូមស្វាគមន៍និស្សិត អ្នកសិក្សាស្រាវជ្រាវ និងអ្នកជំនួញកាន់តែច្រើនឡើងទៅកាន់ប្រទេសទាំងសងខាង ហើយផ្តល់ការគាំទ្រ និងការសម្របសម្រួល"។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក Antony Blinken ទៅកាន់ប្រទេសចិន រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ និងរដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang បានព្រមព្រៀងគ្នាដើម្បីពិភាក្សាអំពីការបង្កើនជើងហោះហើរអ្នកដំណើរ។
លោក Blinken បានធ្វើទស្សនកិច្ចដ៏កម្រមួយទៅកាន់ទីក្រុងប៉េកាំង ក្នុងអំឡុងពេលដែលប្រទេសចិន និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាក្នុងការរក្សាស្ថិរភាពការប្រជែងគ្នាដ៏ខ្លាំងក្លារបស់ពួកគេ ដូច្នេះវាមិនធ្វើឱ្យមានជម្លោះឡើយ បើទោះបីជាដំណើរទស្សនកិច្ចនេះមិនបានបង្ហាញជំហានរីកចម្រើនធំដុំណាមួយក៏ដោយ៕

