ស៊ូដង់ ៖ កាលពីថ្ងៃចន្ទម្សិលមិញ អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក Antonio Guterres បានអំពាវនាវឲ្យប្រទេសជាច្រើនបង្កើនការសន្យាផ្តល់ជំនួយដល់ប្រទេសស៊ូដង់ ជាកន្លែងដែលជម្លោះរវាងភាគីយោធា បានបង្ខំឲ្យមនុស្សប្រហែល ២.២លាននាក់ ជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ និងបង្កឲ្យមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ ហើយលោកក៏បានបង្ហាញការព្រួយបារម្ភពីអំពើហិង្សាជាតិសាសន៍នៅរដ្ឋ West Darfurផងដែរ។
UNនិយាយថា ថវិកាប្រហែល ៣ពាន់លានដុល្លារត្រូវជាយ៉ាងចាំបាច់នៅក្នុងឆ្នាំនេះ សម្រាប់ជំនួយមនុស្សធម៌នៅក្នុងប្រទេសស៊ូដង់ ហើយនិងជនភៀសខ្លួនដែលរត់គេចចេញពីប្រទេសមួយនេះ ។
កាលពីថ្ងៃចន្ទម្សិលមិញ អាល្លឺម៉ង់ បានប្រកាសថា ពួកគេបានសន្យាផ្តល់ជំនួយ ២០០លានអឺរ៉ូដល់ប្រទេសស៊ូដង់ និងក្នុងតំបន់រហូតដល់ឆ្នាំ ២០២៤ ហើយប្រទេសកាតា បានសន្យាផ្តល់ជំនួយ៥០លានដុល្លារ ខណៈដែលប្រធានក្រុមជំនួយ UNលោក Martin Griffiths និយាយថា ពួកគេត្រូវការបែងចែកថវិកាបន្ថែមទៀត ២២លានដុល្លារ ដើម្បីដោះស្រាយតម្រូវការអាទិភាព ។
គួរឲ្យដឹងថា ជម្លោះរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF)បានចាប់ផ្តើមកាលពីពាក់កណ្តាលខែមេសា ស្របពេលមានភាពតានតឹងចំពោះផែនការគាំទ្រដោយអន្តរជាតិសម្រាប់អន្តរកាលឆ្ពោះទៅកាន់ការបោះឆ្នោត ក្រោមរដ្ឋាភិបាលស៊ីវិល ។
សង្រ្គាមមួយនេះ បណ្តាលឲ្យមនុស្សជាង ៣ពាន់នាក់ស្លាប់ ធ្វើឲ្យទីក្រុង Khartoum ក្លាយជាតំបន់សង្រ្គាម និងបង្កឲ្យកើតមានអំពើហិង្សាស្លាប់មនុស្សនៅតំបន់ភាគខាងលិច Darfurក៏ដូចជាតំបន់ផ្សេងទៀតនៅទូទាំងប្រទេស ៕

