អេស្ប៉ាញ ៖ សត្វអណ្តើកក្បាលធំ ២ក្បាល បានពងនៅលើខ្សាច់ ស្ថិតនៅតំបន់ឆ្នេរសមុទ្រមេឌីទែរ៉ាណេរបស់ប្រទេសអេស្ប៉ាញ ស្របពេលដែលពពួកសត្វរងការគំរាមកំហែងមួយនេះ ផ្លាស់ទីជម្រកទៅភាគខាងលិច ដែលក្រុមអ្នកវិទ្យាស្រ្ត លើកឡើងថា វាអាចបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ ។
អង្គការមូលនិធិមហាសមុទ្រតំបន់ Valencia បាននិយាយកាលពីថ្ងៃចន្ទថា អណ្តើកដំបូងពងបាន ៨០ពងនៅទីក្រុង Denia ហើយអណ្តើកទី ២ ពងបាន ៦២ពងផ្សេងទៀត នៅទីក្រុង Gandiaដែលទីក្រុងទាំង ២នេះ ស្ថិតនៅតំបន់ Valencia អំឡុងរយៈពេលជាង ២ថ្ងៃកន្លងមកនេះ ។
អណ្តើកប្រើប្រាស់សំបុក្ររបស់វាភាគច្រើននៅតំបន់ភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ នៅតាមប្រទេសជាច្រើន ដូចជាប្រទេសទួរគី កោះស៊ីប និងក្រិក ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ឆ្នេរអេស្ប៉ាញ បារាំង ឬអ៊ីតាលី បានរកឃើញវត្តមានកើនឡើងនៃការពងរបស់អណ្តើកក្បាលធំនេះផងដែរ ។
ពងរបស់អណ្តើកផ្សេងទៀត ត្រូវបាននាំយកទៅកាន់ឆ្នេរខ្សាច់អភិរក្ស នៅឧទ្យានធម្មជាតិ Albufera ដើម្បីធានាដល់ការការពាររបស់ពួកវា និងជៀសផុតពីការប៉ះពាល់ជាមួយអ្នកដំណើរឆ្លងកាត់ ៕

