ភ្នំពេញ៖ មន្ទីរការងារ រាជធានីភ្នំពេញ បានស្នើដល់អាជ្ញាធរ សមត្ថកិច្ច បន្តជួយផ្សព្វផ្សាយប្រយុទ្ធប្រឆាំង លុបបំបាត់ពលកម្មកុមារ និងការជួញដូរកុមារ នៅតាមមូលដ្ឋាន សហគមន៍ឲ្យមានប្រសិទ្ធភាពបំផុត។
ការលើកឡើងបែបនេះ របស់ លោក អេង សុវិចត្រ អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញ នៅសាលាបឋមសិក្សាទួលស្វាយព្រៃ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ បានលើកឡើងថា បញ្ហាពលកម្មកុមារ ការប្រើអំពើហិង្សារលើកុមារ និងការជួញដូរកុមារ បណ្តាលមកពីបញ្ហាគ្រូសារ បញ្ហាជីវភាពរបស់កុមារ និងកុមារខ្វះការអប់រំ ឪពុកម្តាយមិនបានយកចិត្តទុកដាក់កូនរបស់ខ្លួន ធ្វើកុមារគ្មានអ្នកទីពឹង ជាមូលហេតុធ្វើឲ្យជនខិលខូច មានឱកាសអុះទាញកុមារប្រព្រឹត្តខុសច្បាប់គ្រប់រូបភាព។
លោកបានបន្តថា មន្ទីរការងាររាជធានីភ្នំពេញ ខិតខំពង្រឹងវិធានការការពារកុមារ ឱ្យមានប្រសិទ្ធភាព ក្នុងការលុបបំបាត់ពលកម្មកុមារ និងពង្រីកការផ្សព្វផ្សាយនិងយុទ្ធនាការប្រឆាំងពលកម្មកុមារ នៅតាមមូលដ្ឋាន និងសហគមន៍នានា បានដឹងពីសិទ្ធិកុមារ ហើយត្រូវពង្រឹងកិច្ចអន្តរាគមន៍ស្នូល ដើម្បីសង្គ្រោះពលកម្មកុមារ និងហាមឃាត់ការងារដោយបង្ខំរបស់កុមារ និងបង្កើនកិច្ចសហប្រតិបត្តិការក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ក្នុងការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារពីគ្រប់ទម្រង់។
លោកបានបន្ថែមទៀតថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុនសែន បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការដោះស្រាយនូវបញ្ហាប្រឈមនានាចំពោះកុមារ តាមរយៈបានដាក់ចេញនូវគោលនយោបាយ ផែនការសកម្មភាពជាតិ ពាក់ព័ន្ធនឹងកុមារ និងការបង្កើតយន្តការជាច្រើននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើម្បីសម្របសម្រួល ពិនិត្យតាមដានវឌ្ឍនភាព និងបញ្ហាប្រឈមស្តីពីស្ថានភាពកុមារនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាក្នុងការលុបបំបាត់ពលកម្មកុមារ ការជួញដូរកុមារ និងការប្រើអំពើហិង្សាលើកុមារ នៅតាមសហគមន៍ ឲ្យប្រជាពលរដ្ឋបានដឹង ច្បាស់សិទ្ធិកុមារ។
នៅក្នុងឱកាសនោះដែរ លោក អេង សុវិចត្រ បានស្នើសុំ លោកគ្រូអ្នកគ្រូ និងអាណាព្យាបាល បន្តជួយផ្សព្វផ្សាយ ករណីទាក់ទងនឹង ជនខិលខូចមួយចំនួនដែលអុះទាញកុមារ និងការធ្វើពលកម្មកុមារ ការរំលោភបំពានកុមារ ការប្រើអំពើហិង្សាកុមារ និងការជួញដូរកុមារ គ្រប់រូបភាពទាំងអស់ នៅតាមមូលដ្ឋាន និងសហគមន៍របស់ខ្លួន ត្រូវផ្តល់ព័ត៌មានដល់ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ជាបន្ទាន់៕ អត្ថបទ គង់ រ៉េន