ភ្នំពេញ៖ សាសនិកឥស្លាមកម្ពុជាចំនួន២០នាក់ ទទួលបានការឧបត្ថម្ភពីព្រះចៅ សាល់ ម៉ាន់ ព្រះមហាក្សត្រ នៃប្រទេសអារ៉ាប៊ីសាអូឌីត ជាភ្ញៀវរបស់ព្រះអង្គ សម្រាប់ឆ្នាំ២០២៣ ដៃលនឹងបំពេញកាតព្វកិច្ចបុណ្យហាជ្ជ រយៈពេល១៥ថ្ងៃ ។
ក្នុងឱកាសអញ្ជើញសំណេះសំណាល និងជូនដំណើរប្រតិភូផ្លូវការកម្ពុជាទាំង ២០នាក់ ទៅបំពេញកាតព្វកិច្ចធ្វើបុណ្យហាជ្ជ នៅល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស មានប្រសាសន៍ថា សាសនិកឥស្លាមកម្ពុជាអញ្ជើញទៅធ្វើបុណ្យហាជ្ជ នៅឆ្នាំ២០២៣ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត សរុប ចំនួន ៩៧៧នាក់ ដែលក្នុងចំណោមនេះ ទទួលបានការឧបត្ថម្ភពីបណ្តាអង្គការសមាគមនានាចំនួន ៣០នាក់ និងទទួលបានការឧបត្ថម្ភពីព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីតចំនួន ២០នាក់ ។
ឯកឧត្តមបណ្ឌិតបន្តថា ក្រៅពីនេះ គឺទៅតាមរយៈឯកជន ៩២៧នាក់ ដោយក្នុងម្នាក់ៗត្រូវចំណាយថវិកាប្រមាណ ៧ ៥០០ដុល្លារ គិតជាទឹកប្រាក់សរុប៦ ៩៥២ ៥០០ដុល្លារ ដែលនេះក៏ដោយសារប្រជាពលរដ្ឋមានលទ្ធភាព និងមានជីវភាពធូធារ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កំពុងធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍឥតឈប់ឈរ ហើយបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋប្រកបមុខរបរទទួលទាន ។
ជាមួយនេះ ឯកឧត្តម ក៏បានផ្តាំផ្ញើ និងការជូនពរដល់បណ្តាអ្នកដែលអញ្ជើញទៅបំពេញកាតព្វកិច្ច បុណ្យហាជ្ជីទាំងអស់ សូមប្រកបដោយ សេចក្តីសុខសុវត្ថិភាព និងបំពេញកាតព្វកិច្ច របស់ខ្លួនគ្រប់លក្ខណៈ តាមក្បួនច្បាប់របស់សាសនាឥស្លាម ។
គួរបញ្ជាក់ថា ការទៅធ្វើបុណ្យហាជ្ជ ក្រោមព្រះរាជឧបត្ថម្ភរបស់ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីតត្រូវបានខកខានរយ:ពេល៣ ឆ្នាំចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ដោយសារការរីករាលដាលជំងឺកូវីដ១៩ ទើបចាប់ផ្តើមធ្វើឡើងវិញនៅឆ្នាំ២០២៣នេះ ។ ការទៅចូលរួមប្រតិបត្តិបុណ្យធម្មយាត្រាហាជ្ជី គឺជាកាតព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចទាំង៥ របស់សាសនាឥស្លាម ដែលជារៀងរាល់ឆ្នាំ សាសនិកឥស្លាម នៅទូទាំងពិភពលោក ពីគ្រប់ទិសទី អញ្ជើញទៅប្រារព្ធបុណ្យនេះ នៅឯទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត ៕ អត្ថបទ បាន សុខរិទ្ធិ