
នៅក្នុងពិភពនៃការហៅទូរសព្ទជាវីដេអូ ការផ្ញើសារបន្ទាន់ និងទូរសព្ទចល័តនាពេលបច្ចុប្បន្ននេះ នគរបាលនៅក្នុងរដ្ឋ Odisha ភាគខាងកើត នៃប្រទេសឥណ្ឌាកំពុងថែរក្សាវិធីសាស្រ្តបុរាណមួយពីអតីតកាលគឺសត្វព្រាបនាំសារ។
នៅក្នុងអគារដែលពុំបង្ហាញពីសញ្ញាសម្គាល់នៅតំបន់ Cuttack មានសត្វព្រាបបែលហ្ស៊ិកជាង ១០០ ក្បាលកំពុងត្រូវបានចិញ្ចឹម និងបណ្តុះបណ្តាលដើម្បីបញ្ជូនសារ ក្នុងករណីដែលទម្រង់ទំនាក់ទំនងដែលគេស្គាល់ទាំងអស់ មិនទទួលជោគជ័យ។
វិធីសាស្រ្តនេះ មានប្រភពដើមនៅសម័យអាណានិគមអង់គ្លេស ដែលសត្វព្រាបធ្លាប់នាំសាររវាងប៉ុស្តិ៍នគរបាលក្នុងតំបន់ដាច់ស្រយាលនានា និងបានជួយរក្សាទំនាក់ទំនងជាមួយអង្គភាពនគរបាលក្នុងពេលប្រត្តិបត្តិការទៀតផង។ អធិការនគរបាលតំបន់ Cuttack លោក Satish Kumar Gajbhiye និយាយថា ពួកគេបានរក្សាសត្វព្រាបជាតម្លៃបេតិកភណ្ឌរបស់ពួកគេ ហើយចង់រក្សាវាទុកសម្រាប់មនុស្សជំនាន់ក្រោយ។
នៅពេលដែលសត្វព្រាបបានទទួលការបណ្តុះបណ្តាល ការចងចាំ និងភាពត្រឹមត្រូវរបស់សត្វស្លាបនេះក្នុងការកំណត់អត្តសញ្ញាណផ្លូវ និងទីតាំងនៅតែដដែលអស់រយៈពេលជាច្រើនឆ្នាំ។ សត្វស្លាបទាំងនេះអាចហើរបានចម្ងាយ ៥០០ ម៉ាយក្នុងល្បឿន ៥៥ គីឡូម៉ែត្រក្នុងមួយម៉ោង (៣៤ ម៉ាយក្នុងមួយម៉ោង) អាស្រ័យលើអាកាសធាតុ។
បក្សីទាំងនេះគ្រាន់តែបង្ហាញខ្លួនក្នុងអំឡុងពេលព្រឹត្តិការណ៍នានាដូចជា ទិវាបុណ្យឯករាជ្យជាតិ និងទិវាសាធារណរដ្ឋរបស់ឥណ្ឌា នៅពេលដែលពួកវាត្រូវបានយកចេញពីតំបន់ Cuttack ទៅកាន់រដ្ឋធានី Bhubaneshwar របស់រដ្ឋ Odisha ហើយត្រូវបានដោះលែងជានិមិត្តរូបនៃសន្តិភាពនៅចុងបញ្ចប់នៃពិធីនេះប៉ុណ្ណោះ៕
