ភ្នំពេញ៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាអនុម័តទទួលយកសេចក្តីព្រាងច្បាប់មួយទៀតមកពិនិត្យសិក្សា និងកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត និងសេចក្តីព្រាងច្បាប់៥ទៀត នៅថ្ងៃទី២៣ មិថុនា ខាងមុខ។
ការសម្រេចនេះធ្វើឡើងតាមរយៈកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិកាអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ដើម្បីអនុម័តលើរបៀបវារៈមួយចំនួន។



