អ៊ុយក្រែន៖ ក្រុមមន្ត្រីអ៊ុយក្រែន និយាយថា កាលពីថ្ងៃអង្គារថា រុស្ស៊ី បានវាយប្រហារលើកងកម្លាំងយោធា និងដាក់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុង គីវ (Kyiv) របស់ប្រទេសអ៊ុយក្រែននិងនៅទូទាំងតំបន់មួយចំនួនផ្សេងទៀត ក្នុងប្រទេសនេះ រួមទាំងតំបន់ភាគខាងលិចឆ្ងាយពីសមរភូមិជួរមុខ។

លោកប្រធានាធិបតី Volodymyr Zelensky បានកោតសរសើរប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ដែលបានបាញ់ទម្លាក់យានដ្រូនជាង៣០គ្រឿង និងបាននិយាយច្បាស់ៗថា កងកម្លាំងរបស់អ៊ុយក្រែន កំពុងកម្ទេចកងកម្លាំងរុស្ស៊ីនៅក្នុងសមរភូមិធំៗចំនួន២នៃជម្លោះនេះ គឺនៅក្នុងភាគខាងកើត និងខាងត្បូង។
មេបញ្ជាកនៃកងកម្លាំងថ្មើរជើង និងជាអនុរដ្ឋមន្ត្រីការពារជាតិរបស់លោក បានរាយការណ៍ពីជ័យជម្នះ នៃការវាយបកនៅក្នុងតំបន់ទាំង២នេះ ។
ក្រសួងការពារជាតិរុស្ស៊ីវិញ បាននិយាយថា កងកម្លាំងរុស្ស៊ី បានវាយកម្ទេចឃ្លាំងគ្រាប់រំសេវចំនួន៨កន្លែង ទូទាំងប្រទេសអ៊ុយក្រែន ក្នុងរយៈពេលមិនដល់២៤ម៉ោង និងបានរារាំងការវាយប្រហាររបស់កម្លាំងអ៊ុយក្រែនក្នុងតំបន់ចំនួន៣ ផងដែរ។

ក្រសួងការពារជាតិរុស្ស៊ីខាងលើ បាននិយាយថា កងកម្លាំងអ៊ុយក្រែន បានព្យាយាមវាយប្រហារលើទីក្រុង Donetsk ភាគខាងកើត និងភាគខាងត្បូង តំបន់ Zaporizhzhia គ្រប់គ្រងដោយរុស្ស៊ី ប៉ុន្តែពុំបានសម្រេច។
ក្រុមអាជ្ញាធរប្រចាំតំបន់តែងតាំងដោយរុស្ស៊ី បាននិយាយថា កាលពីថ្ងៃអង្គារនោះដែរ កងកម្លាំងអ៊ុយក្រែន បានវាយប្រហារលើទីប្រជុំជន ណូវ៉ា កាខូវកា (Nova Kakhovka)ក្នុងភាគខាងត្បូងតំបន់ Kherson ដោយប្រើយានដ្រូន បានសម្លាប់ស្ត្រីម្នាក់ និងបណ្ដាលឲ្យជនស៊ីវិល៤នាក់ផ្សេងទៀតរងរបួស៕