ហុងឌុយរ៉ាស៖ អ្នកនាំពាក្យមកពីការិយាល័យរដ្ឋអាជ្ញាសាធារណៈ បាននិយាយកាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់មនុស្ស៤១នាក់បានស្លាប់នៅក្នុងពន្ធនាគារសម្រាប់ស្ត្រី នៅក្នុងប្រទេសហុងឌុយរ៉ាស។
អ្នកនាំពាក្យបានប្រាប់សារព័ត៌មានរ៉យទ័រថា អាជ្ញាធរកំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណសាកសពនៅមជ្ឈមណ្ឌល Centro Femenino de Adaptacion Social (CEFAS) ជាពន្ធនាគារសម្រាប់ស្ត្រី ៩០០ នាក់ មានចម្ងាយប្រហែល ២០ គីឡូម៉ែត្រ ពីរដ្ឋធានី តេហ្គូស៊ីហ្គាល់ប៉ា(Tegucigalpa) ដែលស្ត្រីមួយចំនួនបានស្លាប់ដោយសារការរលាកភ្លើង ខណៈអ្នកផ្សេងទៀតត្រូវបានគេបាញ់។

ប្រធានសមាគមមួយសម្រាប់គ្រួសារអ្នកទោស លោក Delma Ordonez បានប្រាប់សារព័ត៌មានរ៉យទ័រថា ការឈ្លោះប្រកែកគ្នាបានផ្ទុះឡើងនៅពន្ធនាគារនៅពេលព្រឹកព្រលឹមថ្ងៃអង្គាររវាងសមាជិកក្រុមអន្ធពាលជាគូប្រជែង Barrio 18 និងក្រុម Mara Salvatrucha (MS-13) ដែលប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា មានកុបកម្មកើតឡើង។ រដ្ឋាភិបាលពុំបានបញ្ជាក់អំពីព័ត៌មានលម្អិតនោះទេ។ សាច់ញាតិរបស់អ្នកទោសត្រូវបានគេឲ្យនៅខាងក្រៅពន្ធនាគារកាលពីថ្ងៃអង្គារ ដើម្បីស្វែងរកមនុស្សជាទីស្រលាញ់របស់ពួកគេ។ មានប្រវតិ្តនៃឧបទ្ទវហេតុពន្ធនាគារដ៏ឃោរឃៅនៅក្នុងប្រទេសហុងឌុយរ៉ាស ដោយមានអ្នកទោសចំនួន១៨ នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងការប្រយុទ្ធរបស់ក្រុមទំនើងនៅក្នុងពន្ធនាគារក្នុងឆ្នាំ ២០១៩ និងជាង៣៥០នាក់ស្លាប់ដោយអគ្គិភ័យក្នុងឆ្នាំ២០១២៕
