អ៊ីស្រាអែល៖ ក្រុមគ្រួពេទ្យបាននិយាយថា ជនជាតិអ៊ីស្រាអែលចំនួន៤នាក់ បានស្លាប់ ក្នុងការបាញ់ប្រហារមួយនៅជិតកន្លែងតាំងទីលំនៅមួយក្នុងតំបន់ West Bank ដែលត្រូវបានគ្រប់គ្រងដោយអ៊ីស្រាអែល។
មនុស្សចំនួន៤នាក់ផ្សេងទៀត បានរងរបួសម្នាក់ក្នុងចំណោមពួកគេមានសភាពធ្ងន់ធ្ងរ នៅពេលខ្មាន់កាំភ្លើងប៉ាឡេស្ទីន២នាក់ បើកការបាញ់រះនៅភោជនីយដ្ឋានមួយ និងប៉ុស្តិ៍ល្បាតមួយនៅលើផ្លូវហាយវ៉េខាងក្រៅទីតាំងសង់លំនៅឋាន Eli។

យោធាអ៊ីស្រាអែល បាននិយាយថា ក្រុមអ្នកវាយប្រហារទាំងនោះ គឺជាក្រុមភេរវករមានសម្ព័ន្ធភាពជាមួយក្រុមហាម៉ាស់។
ម្នាក់ត្រូវបានបាញ់ស្លាប់នៅកន្លែងកើតហេតុ ដោយជនស៊ីវិលប្រដាប់អាវុធម្នាក់ ចំណែកជនទី២បានលួច រថយន្ត គេជិះរត់គេច ហើយក្រោយមកទំនងជាត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល ក្នុងទីប្រជុំជន ទូបាស់ (Tubas)។
លោកនាយករដ្ឋមន្ត្រី អ៊ីស្រាអែល បាននិយាយថា ជម្រើសទាំងអស់គឺបើកចំហ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលលោកបានហៅថាជាការវាយប្រហារភេរវកម្មដ៏រន្ធត់និង ស្អប់ខ្ពើម ដែលបានកើតឡើងក្រោយអំពើហិង្សាដ៏ធ្ងន់ធ្ងរទូទាំងតំបន់ West Bank ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ។

អ្នកនាំពាក្យក្រុមហាម៉ាស់ បាននិយាយថា ការបាញ់ប្រហារនេះ ជាការសងសឹកទៅនឹងការវាយឆ្មក់របស់យោធាអ៊ីស្រាអែល ក្នុងទីប្រជុំជន ជេនីន (Jenin) កាលពីថ្ងៃចន្ទ ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន៦នាក់៕