សូម៉ាលី៖ គ្រាប់បែកបង្កប់ក្នុងរថយន្តដ៏ធំមួយ បានផ្ទុះឡើងនៅក្នុងតំបន់ដ៏មមាញឹកមួយ នៃទីក្រុងម៉ូហ្គាឌីស៊ូកាលពីថ្ងៃសៅរ៍បណ្ដាលឱ្យមនុស្សយ៉ាងតិច ៧៩នាក់ត្រូវបាត់បង់ជីវិត និងរងរបួសជាច្រើននៅក្នុងការវាយប្រហារដ៏សាហាវបំផុត របស់ប្រទេសសូម៉ាលីក្នុងរយៈពេលពីរឆ្នាំ។មនុស្សយ៉ាងហោចណាស់ ១៦នាក់នៃអ្នកដែលត្រូវបានបាត់បង់ជីវិត គឺជានិស្សិតមកពីសាកលវិទ្យាល័យឯកជនបាណាឌ័ររបស់រដ្ឋធានី ដែលបានធ្វើដំណើរតាមរថយន្តក្រុង នៅពេលគ្រាប់បែកបានផ្ទុះនៅចំណុចប្រសព្វដ៏មមាញឹកមួយ នៅភាគនិរតីនៃរដ្ឋធានីសូម៉ាលី។ រដ្ឋមន្ត្រីការបរទេសទួរគីលោក Mevlut Cavusoglu បាននិយាយនៅលើបណ្ដាញសង្គម Twitter ថា ជនជាតិទួរគី ២នាក់ក៏ត្រូវបានបាត់បង់ជីវិតផងដែរ។ មនុស្ស ១៥នាក់ដែលបានរងរបួសត្រូវបានបញ្ជូនពីទីក្រុងម៉ូហ្គាឌីស៊ូ តាមយន្តហោះយោធាទៅកាន់ប្រទេសទួរគីដើម្បីព្យាបាល។ តំបន់នេះត្រូវបានស្ទះចរាចរណ៍ជាញឹកញាប់ ដោយសារតែប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ និងការិយាល័យពន្ធប្រមូលប្រាក់ពីរថយន្តក្រុង និងរថយន្តដឹកទំនិញឆ្លងកាត់។
ការវាយប្រហារនេះមិនទាន់ត្រូវបានគេអះអាងនៅឡើយទេ ទោះយ៉ាងណាទីក្រុងម៉ូហ្គាឌីស៊ូតែងតែ រងការវាយប្រហារដោយការបំផ្ទុះរថយន្ត និងការវាយប្រហារដែលធ្វើឡើង ដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាមអាល់សាបាប ដែលជាសម្ព័ន្ធមិត្តនឹងក្រុមភេរវកម្ម Al-Qaeda។ ក្រុមមន្ត្រីយោធាអាមេរិកបាននិយាយថា ការវាយប្រហារតាមអាកាសចំនួន ៣លើកបានធ្វើឡើងកាពីថ្ងៃអាទិត្យ ដាក់គោលដៅលើក្រុមសកម្មប្រយុទ្ធអ៊ីស្លាមអាល់សាបាប ក្នុងប្រទេសសូម៉ាលីបានសម្លាប់ក្រុមសកម្មប្រយុទ្ធ ៤នាក់៕
អត្ថបទ៖ សុខមាន


